ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់អន្តរជាតិជាលើកទី៩៩ របស់គេ ខណៈ ដែលក្រុមម្ចាស់ការពារតំណែងជើងឯកព័រទុយហ្គាល់ បានឈ្នះកៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ជុំផ្តាច់ព្រ័ត្រ តាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិលុចសំបួរ។
កីឡាករ Bruno Fernandes បានរកគ្រាប់បាល់បើកឆាក នៅនាទី ទី៣៩ នៅមុនពេល Ronaldo បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមខ្លួនឈ្នះកៅអីទី២ក្នុងពូល B បន្ទាប់ពីក្រុមជម្រើសជាតិអ៊ុយក្រែន ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុមស៊ែប៊ី។
ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei កំពុងគ្រប់គ្រងកំណត់ត្រាពិភពលោកជាមួយនឹងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីជាអន្តរជាតិចំនួន១០៩គ្រាប់ នៅចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ២០០៦។
Ronaldo បានឲ្យដឹងថា៖ «រាល់កំណត់ត្រាទាំងអស់ ត្រូវតែបំបែក ហើយខ្ញុំនឹងបំបែកកំណត់ត្រានោះ។ ព័រទុយហ្គាល់ បានក្លាយជាក្រុមជម្រើសជាតិទី១៧ ដែលបានឈ្នះកៅអីសម្រាប់យុទ្ធនាការនៅឆ្នាំក្រោយនេះ ដែលនឹងចាប់ផ្តើមប្រកួតនៅទីក្រុងរ៉ូម នាថ្ងៃទី១២ ខែមិថុនា ដើម្បីចូលរួមជាមួយនឹងក្រុមខ្លាំងផ្សេងទៀតដូចជា ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង អេស្ប៉ាញ អ៊ីតាលី និងអង់គ្លេស។
លោក Fernando Santos គ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានទទួលស្គាល់ថា ការលេងពីមុខអ្នកគាំទ្រដ៏ច្រើនកុះករធ្វើឲ្យក្រុមរបស់លោកមានសម្ពាធនោះ បានឲ្យដឹងថា៖ «យើងមិនអាចលេងក្នុងកម្រិតកំពូលរបស់យើងបានឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia