លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកោតសរសើរពីភាពខ្លាំងរបស់ក្រុមខ្លួន ខណៈដែលការដណ្តើមបានជ័យជម្នះ ៧-០ លើក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ បានជួយឲ្យពួកគេឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ក្នុងការប្រកួតជាលើកទី១០០០របស់ក្រុមខ្លាកំណាចទាំង៣មួយនេះ។
បើទោះបីគ្មាន Raheem Sterling ដែលត្រូវបានជម្រុះចេញដោយលោក Southgate កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយនឹងមិត្តរួមក្រុម Joe Gomez ក្រុមម្រើសជាតិអង់គ្លេស បានបង្ហាញពីភាពមុតស្រួច ដែលនឹងធ្វើឲ្យពួកគេស្ថិតក្នុងចំណោមក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន Euro នៅឆ្នាំក្រោយ។
ខ្សែប្រយុទ្ធ Harry Kane បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់អង់គ្លេស តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេក្នុងយុទ្ធនាការជម្រុះនេះ កើនដល់១១គ្រាប់ ក្នុងចំណោមការប្រកួត៧លើក។
Alex Oxlade-Chamberlain, Marcus Rashford ការធ្វើឲ្យបាល់ចូលទីរបស់ខ្លួនឯងរបស់ Aleksandar Sofranac និងគ្រាប់បាល់អន្តរជាតិជាលើកទី១របស់ Tammy Abraham បានបំពេញជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ ខណៈដែលក្រុមរបស់លោក Southgate បានឈ្នះតំណែងលេខ១ក្នុងពូល A ក្រោយពីរកបានដល់ទៅ៣៣គ្រាប់ក្នុងការប្រកួត៧លើក។
លោក Southgate បានឲ្យដឹងថា៖ «កាលពីមុន យើងបានជួបការលំបាកក្នុងពេលជួបក្រុមមានចំណាត់ថ្នាក់ទាបជាង ដែលផ្តោតលើតំបន់ការពារ ប៉ុន្តែ យើងមានកីឡាករដែលអាចបើកតំបន់ការពារទាំងនោះ និងលេងបានយ៉ាងល្អ»៕
ប្រភពព័ត៌មាន៖ Channel News Asia