ខ្សែបម្រើ Granit Xhaka បានស្តីបន្តោសទៅលើការគំរាមសម្លាប់ ចំពោះក្រុមគ្រួសាររបស់គេ ចំពោះការឆ្លើយតបទាំងខឹងសម្បាររបស់គេទៅកាន់ក្រុមអ្នកស្រែកចំអកឲ្យពីសំណាក់អ្នកគាំទ្ររបស់ Arsenal អំឡុងពេលការប្រកួតជាមួយនឹងក្រុម Crystal Palace កាលពីចុងសប្តាហ៍មុន។ Xhaka ហាក់ដូចជាបានជេរទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅកីឡដ្ឋាន Emirates ក្រោយពីការប្តូរចេញរបស់គេក្នុងតង់ទី២ បាននាំឲ្យមានការហ៊ោរកញ្ច្រៀវ និងការស្រែកចំអកឲ្យយ៉ាងខ្លាំង ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។
ខ្សែបម្រើរបស់ក្រុម Arsenal រូបនេះ បានយកដៃខ្ចប់ត្រចៀករបស់គេ គ្រវីដៃរបស់គេចុះឡើងទាំងខឹងសម្បារ និងបានហែកអាវរបស់គេ នៅមុនពេលដើរទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ Xhaka បានប្រឈមមុខនឹងការអំពាវនាវផ្សេងៗឲ្យដកតំណែងជាប្រធានក្រុមរបស់គេក្នុងក្រុម Arsenal ចេញ ក្រោយពីលោក Unai Emery គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ បានទទួលស្គាល់ថា ការបញ្ចេញកាយវិការរបស់ខ្សែបម្រើរូបនេះ ពិតជាខុស។
ប៉ុន្តែ កីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលក៏បានរងនូវការស្រែកចចំអកឲ្យ នៅពេលដែលប្រកួតជាមួយនឹងក្រុម Aston Villa កាលពីដើមរដូវកាលនេះ បច្ចុប្បន្ន បានប្រកាសថា រូបគេបានផ្ទុះកំហឹង ដោយសារតែពាក្យសម្តីចំអកដ៏ឈឺចាប់ ទៅកាន់រូបគេ និងក្រុមគ្រួសាររបស់គេ តាមរយៈបណ្តាញសង្គម។ រូបគេបានសរសេរនៅលើ Instagram ថា៖ «អារម្មណ៍របស់ខ្ញុំចំពោះការមិនយល់អ្នកគាំទ្រ និងការខមិនផ្សេងៗម្តងហើយម្តងទៀត ក្នុងពេលប្រកួត និងនៅលើបណ្តាញសង្គម ក្នុងប៉ុន្មានសប្តាហ៍ និងខែ ចុងក្រោយនេះ បានធ្វើឲ្យខ្ញុំឈឺចាប់ណាស់។ មនុស្សជាច្រើនបាននិយាយថា យើងនឹងបំបាក់ជើងរបស់អ្នក។ សម្លាប់ប្រពន្ធរបស់អ្នក និងសូមជូនពរឲ្យកូនស្រីរបស់អ្នកកើតមហារីក»៕
ប្រភពព័ត៌មាន៖ Channel News Asia