ក្រុម Manchester City បានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពាន League Cup យ៉ាងងាយស្រួល ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ខ្សែប្រយុទ្ធ Sergio Aguero បានបន្ថែមភាពត្រដាបត្រដួសដល់ក្រុម Southampton ក្នុងពេលទទួលជ័យជម្នះ ៣-១ កាលពីថ្ងៃអង្គារ។
ក្រុមម្ចាស់ការពារជើងឯក League Cup របស់លោក Pep Guardiola បានរកគ្រាប់បាល់នាំមុខ២គ្រាប់ក្នុងតង់ទី១ នាកីឡដ្ឋាន Etihad តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Nicolas Otamendi និង Aguero។ លោក Guardiola បានផ្លាស់ប្តូរកីឡាករដល់ទៅ៩នាក់ពីក្រុមដែលបានផ្តួលក្រុម Aston Villa ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ដោយដាក់ឲ្យខ្សែបម្រើ Tommy Doyle វ័យ១៨ឆ្នាំ ចូលលេងជាលើកទី១របស់គេ។ លោក Mike ដែលជាជីតារបស់ Doyle គឺជាប្រធានក្រុមនៃក្រុម Man City នៅពេលដែលពួកគេបានឈ្នះពាន League Cup នេះក្នុងឆ្នាំ១៩៧៦ ហើយក្លិបនេះ នៅតែស្ថិតលើផ្លូវដើម្បីឈ្នះពាននេះជាលើកទី៧។
Man City ដែលបានលើកពាននេះ៣លើកក្នុងរយៈពេល៤រដូវកាលចុងក្រោយនោះ បានចាប់ផ្តើមការប្រកួតជុំទី៤ ក្រោមការស្រែកច្រៀងបន្ទរតាមគ្នាថា «យើងចង់រកគ្រាប់បាល់ឲ្យបាន១០គ្រាប់» ខណៈដែលអ្នកគាំទ្រចង់សំដៅទៅលើការរងបរាជ័យ ៩-០ របស់ក្រុម Southampton ក្រោមស្នាដៃក្រុម Leicester កាលពីថ្ងៃសុក្រ។ ស្របពេលជាមួយគ្នានេះ ក្រុម Everton បានកាត់បន្ថយសម្ពាធជុំវិញលោកគ្រូបង្វឹក Marco Silva តាមរយៈការដណ្តើមបានជ័យជម្នះ ២-០ លើអតីតក្លិបរបស់លោកគឺ Watford៕
ប្រភពព័ត៌មាន៖ Channel News Asia