បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាប់ផ្ដើម ​ធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​ផ្លូវការ​ហើយ​ កាលពី​យប់​ថ្ងៃ​ទី​០៣ ខែ​មិថុនា ស្រប​ពេល​បេក្ខភាព​គូប្រជែង​គឺ​ក្រុម​ជម្រើស​ជាតិ​ប៉ា​គី​ស្ថាន ក៏បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​កាល​ពី​យប់មិញ​ផង​ដែរ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​កាតា ​(2022 FIFA World Cup qualification-AFC) ជើង​ទី​១ នា​ថ្ងៃ​ទី​០៦ ខែ​មិថុនា​ខាងមុខ។

​បន្ទាប់ពី​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ១​ថ្ងៃបន្ទាប់ពី​ចប់​ការប្រកួត​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​១០ ក្រុម​រហស្សនាម​គោព្រៃ​កម្ពុជាមិន​បង្អង់​យូរ​នោះ​ទេ គឺ​បាន​កោះហៅ​កីឡាករ​ហ្វឹកហាត់​តែម្ដង។ តែ​ជាមួយ​គ្នា​គេ​ក៏​ឃើញ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ទើប​ចែក​ផ្លូវ​ជាមួយ​ក្លឹប Melbourne Victory នៃ​លី​គ​កំពូល​អូស្ត្រាលី បាន​បង្ហាញ​វត្តមាន​លើ​ទីលាន AUPP ដើម្បី​ដឹកនាំ​ការប្រកួត​ថ្ងៃ​ដំបូង​នេះ​ដែរ។​

​គួរ​បញ្ជាក់​ថា ជាមួយ​ការ​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ លោក Felix ដែល​ជា​គ្រូ​បង្វឹក​បាន​ចម្រាញ់​កីឡាករ​ចំនួន ២៥​នាក់​ចេញពី​ក្លឹប​ចំនួន ១១ ក្នុង​នោះ​មាន ១០​ក្លឹប​ជា​សមាជិក​លី​គ​កំពូល​កម្ពុជា រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀង​, ណាហ្គា​វើ​ល​, អង្គ​រថា​យ​ហ្គឺ​រ​, បឹងកេត​, វិសាខា​, ក្រសួង​ការពារជាតិ​, ភ្នំពេញ​ក្រោ​ន​, គិរីវង់​សុខ​សែន​ជ័យ​, អគ្គិសនី​កម្ពុជា និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ខណៈ​មាន​ម្នាក់​ជា​សមាជិក​ក្លឹប​កំពូល​ម៉ាឡេស៊ីគឺ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន។​

​បន្ទាប់ពី​ហ្វឹកហាត់​បាន ៣​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៦ ខែ​មិថុនា ក្រុម​គោព្រៃ​កម្ពុជានឹង​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើស​ជាតិ​ប៉ា​គី​ស្ថានក្នុង​ជើង​ទី​១ មុន​ជួប​គ្នាជើង​ទី​២ នា​ថ្ងៃ​ទី​១១ ខែ​ដដែលលើ​ទឹកដី​ប្រទេស​កាតាដែល​ជា​ទឹកដី​កណ្ដាល ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដែល​ប្រទេស​កាតា​ទទួល​បាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ ជុំ​ផ្ដាច់ព្រ័ត្រនា​ឆ្នាំ​២០២២៕