ប្រដាល់៖ ការប្រកួតប្រដាល់គុនខ្មែរសន្សំប្រាក់លាន គឺជាព្រឹត្តិការណ៍ថ្មីមួយដែលរៀបចំដោយ ស្ថានីយទូរទស្សន៍បាយ័ន និងឧបត្ថម្ភដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ខណៈដែលកីឡាកររូបណាឈ្នះនឹងទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមលើតំលៃខ្លួនប្រកួតពីភេសជ្ជៈវើក។
លោក អ៉ឹម សុធារឹទ្ធិ ដំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា កន្លងមកក្រុមហ៊ុនបានធ្វើសកម្មភាពជាច្រើន ចូលរួមចំណែកជួយអភិវឌ្ឍន៍ដល់វិស័យកីឡា។ ហើយលើកនេះក្រុមហ៊ុនបានចាប់ដៃគូសហការ ជាមួយស្ថានីយទូរទស្សន៍បាយ័ន ដើម្បីបង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យ។ ចំណែកលោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងប្រដាល់នៅសង្វៀនបាយ័ន បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានបើកកម្មវិធីនោះថា លោកអរគុណដល់ម្ចាស់ឧបត្ថម្ភវើកដែលមកចូលរួម ក៏ដូចជាសហការជាមួយស្ថានីយទូរទស្សន៍បាយ័នជាថ្មី ដើម្បីរួមចំណែកលើកស្ទួយវិស័យប្រដាល់ឲ្យកាន់តែរីកចម្រើន។
ការសហការបង្កើតសង្វៀននេះឡើយ វាបានជួយដល់ជីវភាពកីឡាករ និងជាផ្នែកមួយជួយអភិវឌ្ឍន៍ធនធាន ដើម្បីត្រៀមនៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ លោកប្ដេជ្ញាថា ខាងស្ថានីយរួមទាំងសហព័ន្ធនឹងខំប្រឹងប្រែង រៀបចំការប្រកួតឲ្យបានល្អ និងជក់ចិត្តបំផុត។ ក្នុងនោះដែរឯកឧត្ដម តែម ម៉ឺន ក៏បានបញ្ជាក់ដល់មន្ត្រីរបស់ខ្លួនផងដែរថា ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ហើយសហការជាមួយខាងស្ថានីយ រួមនឹងម្ចាស់ឧបត្ថម្ភកម្មវិធីឲ្យបានល្អ។
រំលឹកដែរថា កម្មវិធីប្រដាល់វើកសង្វៀនគុនខ្មែររបស់ស្ថានីយទូរទស្សន៍បាយ័ននេះ បើកឆាកសប្ដាហ៍ទី១ កាលពីល្ងាចម៉ោង៦ ថ្ងៃទី១ ខែមិថុនាកន្លងទៅនៅស្ទឹងមានជ័យ។ សង្វៀនថ្មីនេះប្រកួតរៀងរាល់ល្ងាចថ្ងៃសៅរ៍នៅស្ទឹងមានជ័យ។ សម្រាប់លទ្ធផលសប្ដាហ៍ដំបូងនេះ អ៊ូច ធារិទ្ធ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ាត្រឹមទឹកទី៣, នី សុភី ចាញ់ពិន្ទុ ថៃ ខណៈ ជ័រ ពៅ ឈ្នះ សូត្រ ខេវិន នៅទឹកទី៣៕
Credit: TBV