អ្នក​គាំទ្រ​​​ជ្រុល​និយម​១​ក្រុម​របស់​ក្លិប Inter Milan បាន​សរសេរ​លិខិត​បើក​ចំហរ​មួយ​ទៅ​ឲ្យ Romelu Lukaku ដើម្បី​ប្រាប់​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ​ថា អ្នក​គាំទ្រ​ដែល​ធ្វើ​ជា​សំឡេង​សត្វ​ស្វា ក្នុង​ការ​ប្រកួត​កីឡា​បាល់​ទាត់ មិនមែន​ជា​សញ្ញា​នៃ​ការ​រើស​អើង​ជាតិ​សាសន៍​ឡើយ​។ Lukaku ដែល​បានផ្ទេរ​ទៅកាន់​ក្លិប Inter Milan ក្នុង​តម្លៃ​ខ្លួន​៦៥លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៣​លាន​ដុល្លារ​អាមេរិក) ពីក្លិប Manchester United បាន​រង​ការ​វាយ​ប្រហារ​ដោយ​ការ​ស្រែក​បន្ទរ​តាម​គ្នា​ជា​សំឡេង​សត្វស្វា ពី​អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​អាទិត្យ​ នៅ​លើទឹកដីក្រុម Cagliari​។

ការ​ស្រែក​ជា​សំឡេង​សត្វ​ស្វា​នេះ មាន​រយៈ​ពេល​ជា​​ច្រើន​វិនាទី ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ ត្រៀម​ស៊ុ​តបាល់​ប៉េ​ណាល់ទី ក្នុង​ពេលក្រុម Inter បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ២-១ លើក្រុម Cagliari​។ ប៉ុន្តែ ក្រុម​អ្នកគាំទ្រ​របស់ Inter ដែលមាន​ឈ្មោះ​ថា L’Urlo della Nord បាន​ប្រាប់​ Lukaku ក្នុង​លិខិត​ចំហរ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​លើ​ទំព័រ Facebook របស់​ពួកគេ​ថា រូប​គេ​បាន​មើល​ឃើញ​ពី​ការ​រើស​អើង តែ​តាម​ពិត​មិនមែន​ទេ​»​។

ក្រុម​អ្នកគាំទ្រ​នោះ​បាន​សរសេរ​ថា៖ «សួស្តី Romelu​។ យើងពិត​ជា​សោក​ស្តាយ​ណាស់​​ដែល​អ្នក​បាន​គិត​ថា អ្វី​ដែល​បាន​កើត​ឡើង​នៅ Cagliari គឺ​ជា​រើស​អើង​។ អ្នក​ត្រូវ​តែ​យល់​ថា អ៊ី​តាលី មិនមែន​​​ជា​ប្រទេស​​ដូច​​ប្រទេស​នៅអឺ​រ៉ុប​ខាង​ជើង​ឡើយ ដែល​​ការ​រើស​អើង​ គឺ​ជា​បញ្ហា​ដ៏​ពិត​ប្រាកដ​។ យើង​យល់​​ឃើញ​ថា វា​ហាក់ដូ​ចជា​ការ​រើស​អើង​ទៅកាន់អ្នក ប៉ុន្តែ វា​មិនមែន​​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel news Asia