ក្លិប Roma បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Henrikh Mkhitaryan ពីក្លិប Arsenal ក្នុងកិច្ចសន្យាខ្ចីជើងពេញ១រដូវកាល។ ក្លិបរបស់អ៊ីតាលីមួយនេះ នឹងចំណាយទៅលើតម្លៃខ្លួននៃការខ្ចីជើង និងប្រាក់ខែរបស់តារាឆ្នើមវ័យ៣០ឆ្នាំរូបនេះ ប៉ុន្តែ មិនមានជម្រើស ឬក៏កាតព្វកិច្ចក្នុងការទិញយកខ្សែប្រយុទ្ធអន្តរជាតិអាមេនី Mkhitaryan ដាច់ឡើយ។
Mkhitaryan បានចូលរួមជាមួយនឹងក្លិប Arsenal ពីក្លិប Manchester United កាលពីខែមករា ឆ្នាំ២០១៨ ក្នុងការផ្ទេរមួយដែលមានការដោះដូរជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិស៊ីលី Alexis Sanchez។ រូបគេបានស៊ុតបាល់បញ្ចូលទី៩គ្រាប់ ក្នុងការបង្ហាញខ្លួន៥៩លើកសម្រាប់ក្រុម Arsenal។ Mkhitaryan បានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី២ ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Tottenham ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងតែមួយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយនឹងក្លិបរបស់អ៊ីតាលី។
ពេលវេលានៃការលេងរបស់គេនៅកីឡាដ្ឋាន Emirates ហាក់ត្រូវបានកំណត់នៅរដូវកាលនេះ ហើយលោក Unai Emery គ្រូបង្វឹកនៃក្រុម Arsenal មានគម្រោងឲ្យរូបគេចាកចេញ ដើម្បីផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងចូលលេង។ ក្លិប Arsenal របស់ក្របខ័ណ្ឌ Premier League នៅតែបើកចំហរឲ្យខ្សែការពារ Shkodran Mustafi ចាកចេញផងដែរ នៅមុនពេលទីផ្សារដោះដូរកីឡាករបិទ ប៉ុន្តែកីឡាករវ័យ២៧ឆ្នាំរូបនេះ មិនបានចាកចេញឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia