ខ្សែការពារជើងចាស់ Nacho Monreal ទោះបីជាបានបង្ហាញខ្លួននៅក្របខណ្ឌលីកកំពូលអង់គ្លេសរដូវកាលថ្មីទាំង ៣ ប្រកួតសម្រាប់ក្រុមយ៉ាងណាក្តីទីបំផុតរូបគេបានវិល ត្រឡប់ ទៅអេស្បាញវិញដើម្បីបន្តអាជីពរបស់ខ្លួនបន្តទៀត ។
Monreal បានចាកចេញពីក្រុម Arsenal ក្រោយពីចូលរួមបាន៦ រដូវកាលដើម្បីចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយ Real Sociedad ។
ក្រោយចាញ់ហង្សក្រហម Liverpool ក្នុងលទ្ធផល ៣ទល់និង១ កាលពីសប្តាហ៏មុន កីឡាករវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹកលោក Unai Emery អនុញ្ញាតិអោយកីឡាករអន្តរជាតិអេស្បាញរូបនេះចាកចេញពីក្លឹបបាន។
ខ្សែការពារដែលមានបទពិសោធន៍និងមានសមត្ថភាព Monreal បានផ្លាស់មកក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងពីក្រុម Malaga កាលពីខែមករាឆ្នាំ ២០១៣ និងបង្ហាញខ្លួនសរុប ២៥០ ដងគ្រប់ក្របខណ្ឌប្រកួត ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់។