Gary Neville បានជម្រុញនិងស្នើឱ្យលោក Unai Emery ដកចេញតារាវ័យក្មេងរបស់ Arsenal មួយចំនួន ចេញពីជម្រើស១១នាក់ដំបូងសម្រាប់ការធ្វើដំណើរទៅប្រកួតនាថ្ងៃសៅរ៍ជាមួយហង្សក្រហម Liverpool នៅ ទឹកដី Anfield របស់ខ្លួន ខណៈក្លឹបទាំងពីរមិនទាន់ស្គាល់ចាញ់ទេក្រោយចាប់ផ្តើម២ប្រកួតនៅក្របខ័ណ្ឌ Premier League ពោលគឺឈ្នះ២ប្រកួតជាប់គ្នា។
កីឡាករវ័យក្មេងទាំង៤រូបនោះគឺមានវ័យក្រោយ២១ឆ្នាំ (U21) មានដូចជា Ainsley Maitland-Niles, Joe Willock, Matteo Guendouzi និង Reiss Nelson ដែលក្នុងចំនោមពួកគេមានអាយុចន្លោះពី១៩ទៅ២០ឆ្នាំ។
Neville អតីតខ្សែការពារ Man.United និងបច្ចុប្បន្នមានតួនាទីជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sport បានបញ្ជាក់ប្រាប់ Skysports ថាៈ កីឡាករវ័យក្មេងទាំងនេះគឺមិនទាន់មានបទពិសោធន៏គ្រប់គ្រាន់នៅឡើយទេ។ សូមបញ្ជាក់ថាកំនត់ត្រារបស់ Liverpool នៅក្នុងទឹកដីរយៈពេល១២ទៅ១៨ខែចុងក្រោយនេះគឺមានភាពលេចធ្លោ ល្អបំផុត។ប៉ុន្តែ Arsenal វិញមិនមានកំនត់ត្រាក្រៅទឹកដីល្អទេរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសពេល ទៅសួរសុខទុក្ខហង្សក្រហម Liverpool។