ក្រុម Liverpool និង Chelsea កំពុងតែសម្លឹងរកការឈ្នះពាននៅដើមរដូវកាលនេះ ខណៈដែលគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ទាំង២ នឹងត្រូវជួបគ្នាក្នុងកាប្រកួតដណ្តើមពាន UEFA Super Cup ក្នុងទីក្រុង Istanbul កាលពីថ្ងៃពុធ។ នេះគឺជាការប្រកួតដំបូងគេក្នុងកីឡាបាល់ទាត់អឺរ៉ុបផ្នែកបុរស ដែលត្រូវបានកាត់សេចក្តីដោយអាជ្ញាកណ្តាលជាស្ត្រី នៅពេលដែលអ្នកស្រី Stephanie Frappart សញ្ជាតិបារាំង នឹងទទួលតួនាទីជាអាជ្ញាកណ្តាល។
ក្រុម Liverpool របស់លោក Jurgen Klopp នឹងឈានទៅកាន់ការប្រកួតនេះទាំងការជឿជាក់ និងសង្ឃឹមថា អាចលើកពាន ក្រោយពីពួកគេបានឈ្នះពានក្របខ័ណ្ឌ Champions League កាលពីខែមិថុនា ដើម្បីបញ្ចប់ការមិនស្គាល់ឈ្នះពានសោះត្រឹម៧ឆ្នាំ។ ផ្ទុយទៅវិញ ក្រុម Chelsea បានបាត់បង់តារាឆ្នើម Eden Hazard ចាប់តាំងពីការឈ្នះពានក្របខ័ណ្ឌ Europa League និងបានជំនួសកន្លែងរបស់លោក Maurizio Sarri ជាមួយនឹងគ្រូបង្វឹកគ្មានបទពិសោធលោក Frank Lampard ក្នុងនាមជាគ្រូបង្វឹក។ អាជីពក្នុងនាមជាអ្នកចាត់ការទូទៅរបស់លោក Lampard នៅឯក្លិបដែលរូបគេបានទទួលជោគជ័យដ៏ធំធេងក្នុងនាមជាកីឡាករម្នាក់ បានចាប់ផ្តើមយ៉ាងខកចិត្ត ក្រោយពីក្រុម Chelsea បានរងបរាជ័យក្នុងលទ្ធផល ៤-០ ក្រោមស្នាដៃក្រុម Manchester United កាលពីថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណា លោក Jurgen Klopp បានតឿនរំឭកឲ្យក្រុម Liverpool របស់លោក មានការប្រុងប្រយ័ត្នចំពោះក្រុម Chelsea ដែលស្ថិតក្រោមការដឹកនាំរបស់លោក Lampard។ លោក Klopp ដែលបានដឹកនាំឲ្យ Liverpool ផ្តួល Norwich ៤-១ កាលពីថ្ងៃប្រកួតបើកឆាកនោះ បានឲ្យដឹងថា៖ «ប្រសិនបើអ្នកមើលតែលើលទ្ធផល អ្នកមិនដឹងពីកម្រិតនៃការប្រកួតឡើយ ពីព្រោះវាគឺជាការប្រកួតដ៏ល្អមួយ។ ពួកគេគឺជាក្រុមដ៏គួរឲ្យចាប់អារម្មណ៍ ហើយលោក Frank បានរៀបចំយ៉ាងល្អ ខណៈដែលធ្វើការងារដ៏អស្ចារ្យកាលពីឆ្នាំមុននៅក្លិប Derby»៕