ក្លិប Arsenal អាច​នឹង​ធ្វើ​ការ​ពង្រឹង​តំបន់​ការ​ពារ​របស់​ខ្លួន​ជា​ពិសេស ក្នុង​រយៈ​​ពេល​​២៤​ម៉ោង​ចុងក្រោយ នៅមុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​ក្រប​ខ័ណ្ឌ Premier League បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​មួយ​នឹង​ការ​ចុះហត្ថលេខា​ជា​មួយ​នឹង​​ខ្សែ​ការ​ពារ Kieran Tierney និង David Luiz​។ នេះ​បើយោង​ទៅ​តាម​សារ​ព័ត៌មាន​ផ្សេង​ៗ​។ ខ្សែ​ការ​ពារ​​ស្លាប​ឆ្វេង​​អន្តរ​ជាតិ​ស្កុត​ឡេន គឺ​ជា​គោល​ដៅ​ដែល​ត្រូវ​ទិញ​ចូល​ជា​យូរ​មក​ហើយ​នៅ​រដូវ​ក្តៅ​នេះ សម្រាប់​ក្លិប​ Arsenal ដែល​​កាល​ពី​​មុន បាន​រង​នូវ​ការ​ច្រាន​ចោល​​ចំពោះ​សំណើរ​​ទាំ​ង២​លើក​របស់​ខ្លួន​។

ទោះ​បី​ជា​យ៉ាង​ណា Tierney ដែល​បាន​អវត្ត​មានក្នុង​ពេល​ក្រុម Celtic បានប្រកួតចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម CFR Cluj នៅ​ប្រទេស​រូ​ម៉ា​នី កាលពីថ្ងៃពុធ ស្រប​ពេល​ដែល​​​រូប​គេ​សម្រាក​ព្យា​បាល​ពី​ការ​វះ​កាត់​​នោះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ក្រោយពី​​ក្លិប​ទាំង​​២ បាន​យល់​ព្រម​លើ​តម្លៃខ្លួន​ក្នុង​ទឹក​ប្រាក់​ចំនួន​២៥​លាន​ផោន (ស្មើ​នឹង​៣០,៤​លាន​ដុល្លារ​អាមេរិក)​។ នេះ​បើយោ​ងទៅ​តាម​ព័ត៌​មាន​ផ្សេង​ៗ​។

ទាក់​ទង​នឹង​ការ​ចាកចេញរបស់កីឡាកររូបនេះ លោក Neil Lennon គ្រូបង្វឹក​របស់​ក្លិប Celtic បាន​ប្រាប់​​បណ្តាញ​សារ​ព័ត៌មាន BBC ថា៖ «ខ្ញុំ​បាន​និយាយ​កាលពី​៣ ទៅ​៤​ថ្ងៃ​មុន​ថា វា​នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ឡើយ​​។ ប្រសិន​បើ​រូប​គេ​ចាក​ចេញ គេ​នឹង​​ទទួល​បាន​ការ​ជូន​ពរ​ពី​គ្រប់គ្នា​​។ រូប​គេ​ជា​កីឡាករ​ដ៏​មាន​ទេព​កោសល្យ​ម្នាក់​»​។ ការ​ស្វែង​រក​ខ្សែ​ការ​ពារ​កណ្តាលម្នាក់​របស់ Arsenal គួរ​តែ​អាច​ដោះ​ស្រាយ​នៅ​ត្រឹម​ថ្ងៃ​នេះ ប្រសិន​បើ​ Luiz បំ​ពេញ​ការ​ផ្ទេរ​របស់​គេ​ពី​ក្លិប Chelsea​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia