ក្លិប Marseille បាន​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​អា​ហ្សង់ទីន Dario Benedetto ពី​ក្លិប Boca Juniors ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Ligue 1 មួយ​នេះ កាលពីថ្ងៃ​ច័ន្ទ​។ Benedetto វ័យ​២៩​ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​ចំនួន​៥លើក ចាប់​តាំងពី​បាន​បង្ហាញខ្លួន​ជាលើក​ទី​១​របស់​គេ​ក្នុងឆ្នាំ​២០១៧ បាន​​ធ្វើ​ឲ្យ​ក្លិប​របស់​បារាំង​មួយ​នេះ ​ចំណាយ​​ប្រាក់​ចំនួន​១៦​លាន​ផោន (ស្មើ​នឹង​១៧,៩​លាន​ដុល្លារ​អាមេរិក) ដើម្បីទិញយករូបគេ ​។

រូប​គេ​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​៣៩​គ្រាប់ ក្នុង​ការ​ប្រកួត​៦៣​លើក​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ដោយ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​លីក​២លើក​ជា​មួយនឹងក្លិប​យក្ស​អា​ហ្សង់ទីន Boca ក្រោយពី​បាន​ចំណាយ​ពេល​ជា​មួយនឹងក្លិប Tijuana និង Club America នៅ​ប្រទេស​ម៉ិក​ស៊ិក និង​ក្លិប Gimnasa, Arsenal និង Defensa ក្នុង​ប្រទេស​របស់​គេ​។

បន្ទាប់​ពីខ្សែ​ការ​ពារ​អេ​ស្ប៉ាញ Alvaro Gonzalez រូប​គេ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​២​របស់​លោក Andre Villas-Boas នា​រដូវក្តៅ​នេះ បើ​គិត​ចាប់​តាំងពី​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​​ចូល​កាន់​តំណែង​ជំនួស​លោក Rudi Garcia នៅ​មុន​ពេល​បើក​យុទ្ធនាការ​ថ្មី​។ ក្លិប​មាន​មូលដ្ឋាននៅ​កីឡាដ្ឋាន Velodrome មួយ​នេះ នឹង​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Reims នៅថ្ងៃ​សៅរ៍​នេះ ក្នុង​រដូវ​កាល​ទី​៥​របស់​ពួក​គេ​ដោយ​ការ​អវត្ត​មាន​ពីក្រប​ខ័ណ្ឌ Champions League​៕

ប្រភព​ព័ត៌មាន៖ Channel News Asia