ក្លិបទូកក្តោង Everton បានទិញខ្សែប្រយុទ្ធវ័យក្មេង Moise Kean សញ្ជាតិអ៊ីតាលី ពីក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus បានបញ្ជាក់ថា តម្លៃខ្លួននៃការផ្ទេរនេះ គឺមានចំនួន២៧,៥លានអឺរ៉ូ (ស្មើនឹង៣១លានដុល្លារអាមេរិក) ប៉ុន្តែ តម្លៃខ្លួនអាចនឹងកើនឡើងចំនួន២,៥លានអឺរ៉ូ បន្ថែមទៀត ប្រសិនបើលក្ខខណ្ឌជាក់លាក់ផ្សេងៗ ត្រូវបានបំពេញ។ ខ្សែប្រយុទ្ធអ៊ីតាលីវ័យ១៩ឆ្នាំរូបនេះ គឺជាកីឡាករចំណូលថ្មីទី៥របស់ Everton ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ ក្រោយពីការនាំយកខ្សែបម្រើ Andre Gomes, Fabian Delph, Jean-Philippe Gbamin និងអ្នកចាំទី Jonas Lossl។
Kean បានស៊ុតបាល់បញ្ចូលទី៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៣លើក ដើម្បីជួយឲ្យក្រុម Juventus លើកពានក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ក្រោយពីបានបង្ហាញខ្លួនជាលើកទី១របស់គេ ក្នុងវ័យត្រឹមតែ១៦ឆ្នាំ។ រូបគេបានរងនូវការវាយប្រហារដោយការរើសអើងជាតិសាសន៍ ក្នុងពេលក្រុម Juventus ទទួលជ័យជម្នះ ២-០ លើក្រុម Cagliari កាលពីខែមេសា ក្នុងពេលរូបគេបានលើកដៃទៅលើ បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី។
Kean បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសណាស់ក្នុងការពាក់អាវរបស់ក្លិប Everton។ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំសម្រាប់ក្រុមនេះ។ ខ្ញុំជឿជាក់លើការចុះហត្ថលេខានេះ ពីព្រោះ Everton ជាក្លិបមួយដែលសម្លឹងមើលទៅលើអនាគត ដូចខ្ញុំដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia