កីឡាករ Lionel Messi ត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួត និងពិន័យជាប្រាក់ក្រោយពីបានទទួលកាតក្រហមក្នុងការប្រកួតដែលជម្រើសជាតិអាហ្សង់ទីនបានឈ្នះជម្រើសជាតិស៊ីលីនៅក្នុងវគ្គដណើ្ដមយកលេខ ៣ នៅព្រឹត្តិការណ៍ Copa America ដែលទើបបញ្ចប់ទៅថ្មីៗនេះ។
កីឡាករ Messi អាយុ ៣២ ឆ្នាំត្រូវបានពិន័យមិនឲ្យលេង ១ ប្រកួតក្រោយពីរូបគេបានប៉ះទង្គិចគ្នាជាមួយកីឡាករ Gary Medel ដែលទាំង ២ នាក់ត្រូវបានបណ្ដេញចេញពីទីលានប្រកួតដែលបានឈ្នះក្រុមស៊ីលី ២-១ កាលពីដើមខែនេះ។ របាយការណ៍មួយចេញផ្សាយដោយគណៈកម្មាធិការរៀបចំបាល់ទាត់អាមេរិកខាងត្បូងហៅកាត់ CONMEBOL កាលពីថ្ងៃអង្គារបានឲ្យដឹងថា តារាប្រចាំក្លិប Barcelona រូបនេះត្រូវបានពិន័យជាប្រាក់ចំនួន ១,៥០០ ដុល្លារផងដែរដោយគ្មានសិទ្ធិដាក់ពាក្យប្ដឹងឧទ្ធរណ៍នោះទេ។
ការកាត់សេចក្ដីជាឯកច្ឆន្ទរបស់តុលាការប្រឆាំងការល្មើសវិន័យបានសម្រេចថា «តុលាការបានសម្រេចផ្អាកជាស្វ័យប្រវត្តិទៅលើកីឡាករ Lionel Messi មិនឲ្យលេង ១ ប្រកួត និងពិន័យជាប្រាក់ចំនួន ១,៥០០ ដុល្លារអាមេរិកផងដែរ«។ Messi ដែលត្រូវបានបណ្ដេញចេញពីទីលានប្រកួតទាំងចម្រូងចម្រាសនោះបានវាយប្រហារពាក្យសម្ដីទាំងកំហឹងថា «មានអំពើពុករលួយ» និង «ខ្វះការគោរព» ក្រោយពីទទួលបានកាតក្រហម។
ទន្ទឹមនេះដែរគណៈគ្រប់គ្រង CONMEBOL បានដាក់ទណ្ឌកម្មប្រធានសហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីន លោក Claudio Tapia ចំពោះការវាយប្រហារទៅលើអាជ្ញាកណ្ដាលម្នាក់នៅព្រឹត្តិការណ៍ Copa America។ លោក Tapia បានឃើញកាតក្រហមក្រោយពីក្រុមអាហ្សង់ទីនដឹកនាំដោយកីឡាករ Messi បានចាញ់ជម្រើសជាតិប្រេស៊ីល ២-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
លោក Tapia បានផ្ញើលិខិតមួយច្បាប់ទៅឲ្យគណៈកម្មាធិការ CONMEBOL ដោយត្អូញត្អែរពី «កំហុសរបស់អាជ្ញាកណ្ដាលជាក់ស្ដែងទាំងស្រុង» ដែលគាត់បានអះអាងថាបានពិន័យ ១១ ម៉ែត្រចំពោះជម្រើសជាតិអាហ្សង់ទីន។ ក្រុមអាហ្សង់ទីនមានអារម្មណ៍ថា ពួកគេត្រូវបានបដិសេធមិនផ្ដល់បាល់ពិន័យ ១១ ម៉ែត្រនៅក្នុងការប្រកួតនេះដោយអះអាងថាអាជ្ញាកណ្ដាលសញ្ជាតិអេក្វាឌ័រ លោក Roddy Zambrano បានបដិសេធមិនព្រមពិនិត្យមើលវីដេអូ VAR ដើម្បីកាត់សេចក្ដីតាមការស្នើសុំនោះទេ។
គណៈកម្មាធិការ CONMEBOL បានឆ្លើយតបដោយបានប្រកាសថា គណៈកម្មាធិការនេះបានដកសេចក្ដីទុកចិត្តរបស់ខ្លួន «ភ្លាមៗចំពោះលោក Claudio Tapia ក្នុងនាមជាតំណាងបណ្ដោះអាសន្នរបស់ខ្លួនដោយផ្អែកតាមគណៈកម្មាធិការប្រតិបត្តិរបស់ FIFA»។ លោក Tapia បានចោទថាលោក Zambrono «មិនបានប្រើវីដេអូ VAR ក្នុងទង្វើជាក់ស្ដែងយ៉ាងតិច ២ លើកដែលពិតប៉ះពាល់ដល់លទ្ធផលចុងក្រោយនៃការប្រកួតនេះ»។
ប្រធានសហព័ន្ធបាល់ទាត់របស់អាហ្សង់ទីនរូបនេះក៏បានចោទជាសំណួរថា តើ «គោលការណ៍នៃក្រមសីលធម៌ ភាពស្មោះត្រង់ និងតម្លាភាព» ត្រូវបានយកមកប្រើនៅក្នុងការប្រកួតនេះដែរឬទេ? សូមបញ្ជាក់ថា ក្រុមអាហ្សង់ទីនបានចំណាត់ថ្នាក់លេខ ៣ ក្រោយពីបានឈ្នះក្រុមស៊ីលី ២-១ ក្នុងការប្រកួតដែលធ្វើឲ្យកីឡាករ Messi ត្រូវបានពិន័យកាតក្រហមជាលើកដំបូង ចំណែកក្រុមប្រេស៊ីលបានឈ្នះពាននេះជាលើកទី ៩ ក្រោយពីបានឈ្នះក្រុមប៉េរូ ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Copa America ឆ្នាំ ២០១៩ ៕
កីឡាករឆ្នើម Lionel Messi ជាប់បម្រាម និងពិន័យជាប្រាក់ ១,៥០០ ដុល្លារផងដែរ លើការប្រមាថអាជ្ញាកណ្ដាល
អត្ថបទទាក់ទង