លោក Pep Guardiola បានជំរុញឲ្យខ្សែបម្រើស្លាប Leroy Sane សម្រេចចិត្តថា រូបគេចង់បន្តនៅជាមួយនឹងក្លិប Manchester City ឬក៏ចង់ចូលរួមជាមួយនឹងក្លិប Bayern Munich ក្រោយពីតារាឆ្នើមរូបនេះបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Kitchee របស់ហុងកុង ក្នុងលទ្ធផល ៦-១។

Sane ដែលកំពុងតែស្ថិតក្រោមការចាប់អារម្មណ៍ពីក្លិបយក្សរបស់ Bundesliga នោះ បានបង្ហាញពីភាពមុតស្រួចរបស់គេក្នុងតំបន់ប្រយុទ្ធ តាមរយៈការស៊ុតបាល់បញ្ចូលទីដូចគ្នាក្នុងតង់នីមួយៗ ដោយគ្រាប់បាល់ទី១ បានកើតឡើងដោយការស៊ុតជើងឆ្វេង ហើយគ្រាប់បាល់មួយទៀតបានកើតឡើងពីការស៊ុតបាល់ចេញពីមុំកែងដ៏តូចពីប្រអប់ទី។

ខ្សែបម្រើស្លាបអន្តរជាតិអាល្លឺម៉ង់វ័យ២៣ឆ្ណាំរូបនេះ បានរងនូវការបង្កកជាច្រើនលើកកាលពីរដូវកាលមុន ខណៈដែល Man City បានឈ្នះពានក្របខ័ណ្ឌ Premier League។ លោក Guardiola បានឲ្យដឹងថា៖ «រូបគេជាកីឡាករម្នាក់ដែលខ្ញុំកោតសរសើរយ៉ាងខ្លាំង។ ខ្ញុំចូលចិត្តរូបគេខ្លាំងណាស់។ ខ្ញុំគិតថា គេមានចន្លោះដ៏អស្ចារ្យក្នុងការអភិវឌ្ឍ ជាពិសេសទាក់ទងនឹងកីឡាមួយនេះ»។

លោកបានប្រាប់បន្តថា៖ «យើងចង់បានរូបគេ យើងចង់ឲ្យរូបគេបន្តនៅ។ នោះគឺជាហេតុផលដែលយើងផ្តល់ពេលឲ្យរូបគេរយៈពេលច្រើនជាង១ឆ្នាំក្នុងការពិភាក្សាជាមួយនឹងភ្នាក់ងារតំណាងរបស់គេ ដើម្បីបន្តកិច្ចសន្យា»។ លោកបានបន្ថែមទៀតថា៖ «បន្ទាប់មក វាមិនស្ថិតក្នុងដៃរបស់យើងឡើយ។ រូបគេត្រូវតែសម្រេចចិត្ត ហើយប្រសិនបើរូបគេចង់នៅ និងឈានដល់ការព្រមព្រៀងគ្នាមួយ នោះវាជារឿងដ៏ល្អ។ បើរូបគេចង់ចាកចេញ យើងអាចសម្រេចទៅវិធីដែលយើងអាចធ្វើបាន»៕
ប្រភពព័ត៌មាន៖ Channel news Asia