(ញូវយ៉ក)៖ កីឡាករខ្សែប្រយុទ្ធ Gareth Bale រកបាន ១គ្រាប់ក្នុងជំនួបដែលក្រុមអធិរាជស Real Madrid បានលេង ស្មើ ២-២ ទល់នឹងកាំភ្លើងធំ Arsenal ពេញម៉ោង មុនពេលឈានដល់ទាត់បាល់ប៉េណាល់ទីយក ជ័យជម្នះ ៣-២ នាព្រឹកមិញនេះក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអន្តរជាតិ International Champions Cup 2019 ដែលមានអាមេរិក ធ្វើម្ចាស់ផ្ទះ។
១គ្រាប់របស់កីឡាករសញ្ជាតិវ៉េលខាងលើ គឺបានកើតឡើងនៅនាទី៥៧ ក្នុងខណៈដែលនៅសល់សមាជិកតែ ១០នាក់ ប៉ុណ្ណោះចាប់តាំងពីនាទីទី៩ មក ដោយសារតែ Nacho Fernandez ត្រូវបានពិន័យកាតក្រហម និងកីឡាករ Lacazette និង Aubameyang រកបានម្នាក់ ១គ្រាប់នាំមុខ នៅនាទីទី១០ និងនាទី២៤។
តែយ៉ាងណាកីឡាករវ័យក្មេង សញ្ជាតិអេស្ប៉ាញ Marco Asensio រកបានគ្រាប់ទី២ តាមស្មើ ២-២ ត្រឹមនាទី៥៩ ពោលគឺក្រោយពេលរកបានគ្រាប់វាយបកទី១ នៅនាទី៥៧នោះ ក្នុងខណៈដែលការប្រកួតពុំមានគោលការណ៍ ថែម ១៥នាទី ២ដងនោះឡើយ និងសម្រេចទាត់ប៉េណាល់ទីកាត់សេចក្តីតែម្តង ខណៈ Real Madrid របស់អេស្ប៉ាញទាត់ ចូល ៣គ្រាប់ និង Arsenal របស់អង់គ្លេសទាត់ចូលតែ ២គ្រាប់ប៉ុណ្ណោះ។
កីឡាករវ័យ ២៨ឆ្នាំ Gareth Bale ដែលមិនស្ថិតក្នុងជម្រើស ១១នាក់ដំបូងក្រោយការវិលត្រឡប់មកដឹកនាំ Real Madrid ជាថ្មីពីសំណាក់អ្នកចាត់ការ Zinedine Zidane នោះ ត្រូវបានភ្នាក់ងាររបស់ខ្លួនបញ្ជាក់យ៉ាងច្បាស់ថា រូបគេ មិនត្រូវបានលក់ចេញ ឬផ្ទេរជាលក្ខណៈខ្ចីជើងនោះទេ ពោលគឺបន្តលេងនៅក្លឹបយក្សអេស្ប៉ាញនារដូវកាល ថ្មីឆ្នាំ២០១៩-២០២០ ដដែល៕
Gareth Bale រកបាន ១គ្រាប់ក្នុងជំនួបដែល Real យកឈ្នះ Arsenal ក្នុងពាន ICC
អត្ថបទទាក់ទង