ការប្រជែងគ្នាយក៣ពិន្ទុរវាងក្រុមវិសាខា និងភ្នំពេញក្រោន បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ខណៈក្រុមទាំង២ រកបានគ្រាប់បាល់ប្រដេញគ្នាយ៉ាងស្វិតស្វាញនោះ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង នៅតែរក្សាបានកំណត់ត្រាដ៏ល្អរបស់ខ្លួន ស្របពេលណាហ្គាវើល ឈ្នះបាន៣ពិន្ទុបន្ថែមដូចគ្នា។
សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង នៅកីឡដ្ឋានវិសាខានោះ ក្រុមម្ចាស់ផ្ទះវិសាខា រកបានគ្រាប់បាល់នាំមុខ ២-០ មុន ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Guardiano Eliel នៅនាទីទី១៨ និង Opeyemi Korede នៅនាទីទី៤៣ ប៉ុន្តែនៅតង់ទី២ Mustafa Zazai និង Paulo Victor រកបានម្នាក់១គ្រាប់វិញ នៅនាទីទី៥៨ និងទី៧៤ ដើម្បីជួយឲ្យក្រុមភ្នំពេញក្រោន តាមស្មើ ២-២។
យ៉ាងណាក៏ដោយ នៅនាទីទី៧៥ Opeyemi Korede បានស៊ុតទម្លុះសំណាញ់ទីក្រុមភ្នំពេញក្រោន បានយ៉ាងល្អ មុនពេល ស៊ិន កក្កដា បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៨០ ជួយឲ្យ វិសាខា នាំមុខ ៤-២ ជាថ្មី ប៉ុន្តែនៅនាទីទី៩០ Bata រកបាន១គ្រាប់វិញ ឲ្យក្រុមភ្នំពេញក្រោន។
ការបន្តចាញ់ក្រុមវិសាខា ៤-៣ លើកនេះ បានធ្វើឲ្យភ្នំពេញក្រោន មានការខកចិត្ត និងមិនអាចបានឡើងទៅឈរនៅតំបន់ Top4 បានដដែល ហើយក៏បានបរាជ័យចំពោះការសងសឹកក្រុម វិសាខា ដែលពួកគេបានចាញ់ ៣-១ កាលជើងទី១ផងដែរ។ ប៉ុន្តែជំនួបរវាងក្រុមទាំង២លើកនេះ ពិតជាទទួលបានការគាំទ្រច្រើន ព្រោះមានអ្នកចូលរួមទស្សនាផ្ទាល់ជាង៥០០០នាក់ឯណោះ។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-១ បន្ថែមទៅលើការឈ្នះ ២-០ កាលជើងទី១ ហើយលទ្ធផលនេះបានជួយឲ្យក្រុមកំពុងឈរនៅកំពូលតារាងមួយនេះ នៅតែអាចរក្សាបាននៅកំណត់ត្រា មិនដែលចាញ់របស់ខ្លួន។ រីឯក្រុមណាហ្គាវើល បានបន្តយកឈ្នះក្រុមប៉ូលិស ៣-១ បន្ថែមទៅលើការឈ្នះ ៦-០ កាលជើងទី១ ដើម្បីឈរនៅលេខ២ដដែល។
ផ្ទុយពីនេះក្រុមបឹងកេត បានត្រឹមស្មើ ១-១ ជាមួយក្រុមអង្គរថាយហ្គឺរ ដូចជើងទី១ដដែល ហើយការចែកគ្នា១ពិន្ទុនេះ នៅតែធ្វើឲ្យបឹងកេត ឈរនៅលេខ៦ដដែល។ រីឯក្រុមក្រសួងការពារជាតិ បានថមថយពីការឈ្នះក្រុមខេត្តកំពង់ចាម ១១-០ មកនៅត្រឹម ៤-២ ហើយក្រុមអាស៊ីអឺរ៉ុប បានបន្តយកឈ្នះក្រុមសូលទីឡូអង្គរ ១-០ បន្ថែមទៅលើការឈ្នះ ២-១ កាលជើងទី១ ខណៈក្រុមអគ្គិសនីកម្ពុជា បានលត់ក្រុមសាលាកីឡាបាល់ទាត់ជាតិ ៥-១ បន្ថែមលើការឈ្នះ ២-០ កាលជើងទី១៕
ជំនួបវិសាខា និងភ្នំពេញក្រោន ធ្វើឲ្យកក្រើកខ្លាំង ខណៈស្វាយរៀង រក្សាការមិនដែលចាញ់
អត្ថបទទាក់ទង