ខ្សែបម្រើបម្រើអន្តរជាតិអាល់ហ្សេរី Adlene Guedioura បានបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍ Africa Cup of Nations វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិសេណេហ្គាល់ នៅរាត្រីនេះ គឺជាការប្រកួត «ដែលមានតែមួយក្នុងជីវិត» ខណៈដែលក្រុមប្រទេសរបស់គេសម្លឹងរកការឈ្នះពាននេះជាលើកទី២។
ក្រុមមានរហស្សនាមថា ចចកកំណាចលើវាលខ្សាច់មួយនេះ បានលើកពានជាលើកទី១របស់ពួកគេលើទឹកដីខ្លួនឯង កាលពីឆ្នាំ១៩៩០ ប៉ុន្តែ លោកគ្រូបង្វឹក Djamel Belmadi បានធ្វើការពង្រឹងក្រុមមួយ ដែលបានធ្លាក់ចេញត្រឹមវគ្គចែកពូល កាលពី២ឆ្នាំមុន ហើយបន្ទាប់ពី ធ្លាក់ចេញពីការប្រកួតជម្រុះ World Cup។ Guedioura វ័យ៣៣ឆ្នាំ ដែលជាកីឡាករមានវ័យចំណាស់ជាងគេក្នុងក្រុម បានឲ្យដឹងថា៖ «ខ្ញុំគិតថា វាជាការប្រកួតដ៏សំខាន់បំផុតប្រចាំជីវិតសម្រាប់កីឡាករជាច្រើន ក្នុងករុមនេះ និងសម្រាប់ក្រុមអាល់ហ្សេរី»។
កីឡាកររបស់ក្លិប Nottingham Forest រូបនេះ បានចូលលេងក្នុងជម្រើសដំបូង៥លើក ក្នុងចំណោមការប្រកួត៦លើក នៅប្រទេសអេហ្ស៊ីប និងបានបញ្ជាក់ថា ការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ក្រុមអាល់ហ្សេរី បានកើតឡើងដោយសារតែការដឹកនាំរបស់អតីតខ្សែបម្រើនៃក្រុមជម្រើសជាតិគឺលោក Belmadi។ កីឡាករ Guedioura ដែលបានបង្ហាញខ្លួនអន្តរជាតិចំនួន៤៨លើក បានឲ្យដឹងថា៖ «គាត់ស្គាល់ពីកីឡាករយ៉ាងច្បាស់ និងដឹងពីអ្វីដែលគាត់ច់ងបាន។
រឿងដ៏ល្អនោះគឺថា គាត់ដឹងពីរបៀបកនុងការទាញយកសមិទ្ធផលពីកីឡាករ និងរបៀបក្នុងការស្តាប់»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើអ្នកមិនមានចុងភៅដ៏ជំនាញទេនោះ អ្នកមិនអាចមានរូបមន្តដ៏ល្អឡើយ។ ជាមួយគ្នានេះ យើងដឹងថា យើងអាចលេងជាមួយគ្នា ហើយវាពិតជាសំខាន់ណាស់ក្នុងការក្លាយជាក្រុមមួយ»៕
ប្រភពព័ត៌មាន៖ Channel News Asia