សម្រាប់បងប្អូនអ្នកនិយមវិស័យប្រដាល់គុនខ្មែរ ច្បាស់ជាស្គាល់ហើយក្លឹបល្បីឈ្មោះ ឆត្រយោង៩១១ ដែលសំបូរធនធានកីឡាករខ្លាំងៗ រយៈពេលប្រហែល១-២ខែចុងក្រោយនេះសិស្សគុនរបស់ខ្លួនទើបឈ្នះខ្សែក្រវាត់ និងពានលេខ១នៅសង្វៀនផ្សេងៗគ្នា។ គេសម្គាល់ឃើញថាសិស្សគុនរបស់លោកគ្រូ ហង្ស សឿន ម្នាក់ៗគឺប្រកួតបានល្អ ហើយបើលេងក្នុងកម្មវិធីធំៗភាគច្រើនបានឡើងដល់វគ្គសំខាន់ៗ ប៉ុន្តែក៏មិនទាំងអស់នោះដែរ ពោលមានកីឡាករខ្លះធ្លាក់នៅជុំទី១ក៏មានដែរ។
សមិទ្ធផល២ សំខាន់ៗដែលក្លឹបទទួលបាននោះគឺ កីឡាករ ឡៅ ចិត្រា ពេលឈ្នះខ្សែក្រវាត់ប្រាក់ ៖
អ្នកប្រដាល់ល្អគ្រប់គ្រឿង និងកម្របណ្ដោយឲ្យដៃគូគេចផុតពីសន្លប់រូបនេះ កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ ឈ្នះខ្សែក្រវាត់ប្រាក់១គ្រឿងបន្ទាប់ពីផ្ដួលអ្នកលេងគុនថៃឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ ទទួលបានប្រាក់១០០០ដុល្លារ និងបានឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស១ទៀត ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារទៀត។ ខ្សែក្រវាត់ប្រាក់នេះមិនមែនជាសមិទ្ធផលទី១របស់ ចិត្រា ឡើយ ពោលគឺគិតដល់ពេលនេះអ្នកលេងគុនខ្មែររូបនេះឈ្នះបានខ្សែក្រវាត់២គ្រឿងហើយ។
ខេម ចាន់ ពេលឈ្នះលេខ១ កីឡាករ ខេម ចាន់៖
ឈាមជ័រអ្នកខេត្តព្រៃវែងរូបនេះក៏មានសមត្ថភាពល្អ និងទទួលបានសមិទ្ធផលគួរសមដែរ ពោលគេទើបឈ្នះពានរង្វាន់ TV5 ទម្ងន់៥៤គីឡូក្រាម យកលុយ ៤០០០ដុល្លារ កាលពីថ្ងៃទី៦ ខែកក្កដា ២០១៩។ អ្នកប្រដាល់រូបនេះធ្លាប់បាត់បង់ខ្សែក្រវាត់១ដងនៅសង្វៀនបាយ័ន ក្រោយចាញ់ពិន្ទុ ប៊ុន សុធា ប៉ុន្តែបានឱកាសជាថ្មីលេងពាននៅសង្វៀន TV5 ក៏ក្លាយជាជាជើងឯកលេខ១តែម្ដង។ កូនសិស្សលោក ហង្ស សឿន រូបនេះភាគច្រើនប្រកួតគូមិត្តភាពអន្តរជាតិផងដែរ ព្រោះសមត្ថភាពល្អ ភច្រើនទទួលបានជ័យជម្នះ៕
Via: Sabay