ក្រុមខេត្តសៀមរាប និងក្រុមខេត្តត្បូងឃ្មុំ នឹង ត្រូវប្រកួតគ្នា ដណ្តើមយកពានថ្នាក់ខេត្ត នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា នាល្ងាចម៉ោង៦ ថ្ងៃពុធនេះ ចំណែកក្រុមខេត្តកោះកុង និងខេត្តរតនៈគិរី ក៏ត្រូវបានប្រកួតគ្នា ដើម្បីដណ្តើមយកកៅអី បានទៅលេខជាបន្តទៀត ក្នុងការប្រកួតថ្នាក់ជាតិ ជាមួយក្រុមលីកកំពូលកម្ពុជា ឆ្នាំ២០១៩ផងដែរ។

នៅក្នុងការប្រកួតដ៏សំខាន់នេះ ក្រុមខេត្តត្បូងឃ្មុំ និងក្រុមខេត្តសៀមរាប បានបង្ហាញពីស្មារតីប្រកួតខុសគ្នា គឺមួយចង់ប្រើការប្តេជ្ញាចិត្តជាក្រុម ដើម្បីប្រជែងយកពាន ចំណែកក្រុមមួយទៀត រំពឹងទៅលើការប្រើបច្ចេកទេស តាក់ទិច និងការមានប្រៀបផ្នែកកាយសម្បទា ដើម្បីយកឈ្នះលើគូប្រកួត នឹងអាលបានលើកពានដូចគ្នា។
ចំណែកលោក គង់ សំអាត អ្នកចាត់ការទូទៅក្រុមខេត្តត្បូងឃ្មុំ បានប្រាប់ថា៖«តាមការសង្កេតមកទៅលើទម្រង់លេងរបស់ក្រុមខេត្តសៀមរាប ខ្ញុំមើលឃើញថា កម្រិតលេងរបស់គេ មិនលើសយើងនោះទេ គឺយើងមានសង្ឃឹមច្រើន ព្រោះយើងហាក់មានប្រៀបលើគេ ទាំងផ្នែកកាយសម្បទា និងតាក់ទិច ក្នុងការលេង»។

បន្ថែមទៅលើការប្រើតាក់ទិច និងបច្ចេកទេសលេង ព្រមទាំងការមានប្រៀបលើកាយសម្បទា ទៅយកឈ្នះក្រុមសៀមរាបនេះ លោកល គង់ សំអាត មានការជឿជាក់ថា ការយកឈ្នះក្រុមខេត្តពោធិ៍សាត់ នៅវគ្គ៨ក្រុម និងការបន្តយកឈ្នះក្រុមខេត្តរតនៈគិរី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វាបានជួយឲ្យក្រុមត្បូងឃ្មុំ ឆ្លងផុតពីការបារម្ភទៅហើយ ដោយលោកបានបញ្ជាក់ថា៖«ក្រុមខេត្តពោធិ៍សាត់ និងក្រុមខេត្តរនតៈគិរី ដែលគេមើលឃើញថា គឺសុទ្ធតែជាក្រុមខ្លាំង ក្នុងការប្រកួតថ្នាក់ខេត្តនេះ យើងបានយើងឈ្នះទៅហើយ អ៊ីចឹង យើងក៏នឹងបន្តយកឈ្នះក្រុមខេត្តសៀមរាប ដើម្បីលើកពានថ្នាក់ខេត្តផងដែរ»។

ចំណែកលោក ជួន សុខវ៉ាន់ឌី ជាអ្នកដឹកនាំក្រុមខេត្តសៀមរាប ហាក់បង្ហាញការបារម្ភ ខណៈលោកមិនបានមើលការប្រកួតរបស់ក្រុមខេត្តត្បូងឃ្មុំ ឲ្យបានគ្រប់ជ្រុងជ្រោយនោះ។លោកបានប្រាប់ថា៖«យើងបានត្រៀមខ្លួនរួចហើយ ប៉ុន្តែយើងមានផលពិបាកមួយ ត្រង់ថាយើងមិនបានមើលពីការលេងរបស់ក្រុមគេឲ្យបានច្បាស់ ព្រោះយើងជាក្លិបតូចមួយ ដែលមិនមានលទ្ធភាពចុះទៅមើលការប្រកួតរបស់គូប្រកួតដោយផ្ទាល់នោះទេ ហេតុនេះ យើងអាចរៀបចំប្រព័ន្ធលេងបែបការពារ នៅតង់ទី១ ដើម្បីស្ទាបស្ទង់ពីកម្រិតរបស់គេសិន ទើបយើងអាចរៀបចំការវាយបកតាមក្រោយ»។

ទោះបីជាយ៉ាងណា លោក ជួន សុខវ៉ានឌី បានបញ្ជាក់ថា៖«ឈានមកដល់វគ្គនេះទៅហើយ គេក៏ខ្លាំង ឯយើងក៏មិនខ្សោយនោះដែរ ព្រោះជាក្រុម ដែលមានកម្រិតលេងថ្នាក់ខេត្តដូចគ្នាទេ អ៊ីចឹងខ្ញុំគិតថា វាមិនមានអ្វីដែលខុសប្លែកគ្នាប៉ុន្មានឡើយ ហេតុនេះហើយសម្រាប់ការប្រកួតនេះ ក្រុមយើង នឹងប្តេជ្ញាចិត្តរួមគ្នា គឺត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកពានមួយនេះឲ្យបាន»។

តាមរយៈការឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ បានកក់កៅអី សម្រាប់ការឡើងទៅប្រកួតថ្នាក់ជាតិ ជាមួយក្រុមលីកកំពូលកម្ពុជា រួចហើយ។ ចំណែកក្រុមខេត្តរតនៈគិរី និងក្រុមខេត្តកោះកុង ដែលបានចាញ់ដូចគ្នា នៅវគ្គគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នឹងត្រូវប្រកួតគ្នា នៅរសៀលម៉ោង ៣:៤៥ ថ្ងៃពុធនេះដែរ ហើយក្រុមឈ្នះ នឹងឡើងទៅទៅប្រកួតថ្នាក់ជាតិ ជាមួយក្រុមខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ៕