ក្លិប Everton បានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេស Fabian Delph ពីក្លិប Manchester City ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ ក្លិប Everton មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលពួកគេបានចំណាយសម្រប់កីឡាករវ័យ២៩ឆ្នាំរូបនេះឡើយ ដែលបានចូលរួមជាមួយនឹងក្លិប Man City ពីក្លិប Aston Villa ក្នុងឆ្នាំ២០១៥។
Delph បានលេងការប្រកួតចំនួន៨៩លើកសម្រាប់ក្រុម Man City ដោយបានឈ្នះពានក្របខ័ណ្ឌ Premier League ២លើក។ រូបគេក៏បានបង្ហាញខ្លួនជាអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសចំនួន២០លើកផងដែរ។ លោក Marco Silva អ្នកចាត់ការទូទៅរបស់ក្រុម Everton បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «នៅពេលដែលខ្ញុំសម្លឹងរកការនាំយកកីឡាករថ្មីម្នាក់ចូលក្នុងក្រុមរបស់យើង រឿងដំបូងគេដែលខ្ញុំមើលមុនគេគឺគុណភាព ហើយ Fabian គឺជាកីឡាករម្នាក់ដែលមានគុណភាពលេងខ្ពស់»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែ អ្វីដែលពួកគេអាចនាំទៅកាន់ក្រុមរបស់យើង គឺមានសារសំខាន់ផងដែរ»។ គេហទំព័រនេះ ក៏បានដងស្រង់សម្តីរបស់ Delph ផងដែរ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «គ្រប់ពេលដែលខ្ញុំបានលេងការប្រកួតទល់នឹងក្រុម Everton មិនថា លេងនៅលើទឹកដីខ្លួនឯង ឬក្រៅដីក៏ដោយ រឿងដំបូងគេដែលជ្រាបចូលក្នុងចិត្តរបស់អ្នក នៅពេលដែលឃើញពីការស្រេកឃ្លានរបស់អ្នកគាំទ្រ»៕
ប្រភពព័ត៌មាន៖ worldsoccertalk
ក្លិប Everton ចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Delph ពីក្លិប Man City
អត្ថបទទាក់ទង