ខ្សែការពារអង់គ្លេស Harry Maguire បានប្រាប់ទៅមិត្តរួមក្រុមរបស់គាត់ កាលពីចុងសប្តាហ៍ថា គាត់ពិតជាចង់ចាកចេញពីក្រុមកញ្ច្រោង នៅចុងរដូវកាលនេះ។ ហើយគាត់ក៏ប្រាប់ថា ក្លឹប Manchester United និង Manchester City សុទ្ធតែបានផ្តល់តម្លៃផ្ទេរ ៧០លាន ប៉ុន្តែត្រូវបានម្ចាស់ក្លឹប Leicester បដិសេធ។
ប៉ុន្តែខ្សែការពារវ័យ ២៦ ឆ្នាំនេះ ឥតបានសប្បាយចិត្តនឹងការដាក់តម្លៃខ្លួនរបស់ Leicester នោះទេ។ ក្លឹប Leicester បានទាមទារពីក្លឹបដែលចង់បាន Maguire រហូតដល់ទៅ ៨៥លានផោន។ តម្លៃនេះ ត្រូវបានសាមីខ្លួនផ្ទាល់យល់ថា វាខ្ពស់លើសលប់ពីអ្វីដែលគេមាន។
Maguire បានប្រាប់ទៅមិត្តរួមក្រុម បន្ទាប់ពីការហ្វឹកហាត់ក្នុងប្រទេសបារាំង ដោយលើកឧទាហរណ៍ថា សូម្បីតែ Matthijs de Ligt ខ្សែការពារវ័យក្មេងរបស់ Ajax ក៏ផ្ទេរទៅ Juventus ក្នុងតម្លៃប្រមាណតែ ៥៨លានផោនប៉ុណ្ណោះ ចុះហេតុអីដែលគាត់នេះ ត្រូវបានតម្លៃលើសដល់ទៅ ៨៥លានផោននោះ?
យ៉ាងណាក៏ដោយ គេបានកត់សម្គាល់ថា ក្លឹប Man Utd ពិតជាត្រូវការខ្សែការពារដូច Maguire ខ្លាំងណាស់ ដូច្នេះគេប្រហែលជា ពុំស្ទាក់ស្ទើរចំពោះតម្លៃបែបនេះឡើយ។ ហើយប្រសិនបើ Man Utd ព្រមព្រៀងតាមតម្លៃដែល Leicester កំណត់ នោះ Maguire នឹងក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក បំបែកកំណត់ត្រា Virgil van Dijk ដែលផ្ទេរពី Southampton ទៅ Liverpool ក្នុងតម្លៃ ៧៥លានផោន៕
Credit: Foxsport
ខ្សែការពារ Harry Maguire ខឹងក្លឹប Leicester ដែលដាក់តម្លៃខ្លួនគាត់រហូតដល់ទៅ ៨៥លានផោន
អត្ថបទទាក់ទង