គ្រាប់បាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អនៅនាទីបន្ថែមរបស់ខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរី Riyad Mahrez បានជួយឲ្យក្រុមជម្រើជាតិអាល់ហ្សេរី ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិនីហ្សេរីយ៉ា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏តានតឹង ក្នុងព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃអាទិត្យ។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អនេះ បានកើតឡើងដោយការស៊ុតដោយជើងឆ្វេងរបស់កីឡាករ Mahrez ខណៈដែលរូបគេបានស៊ុតបាល់ចូលជ្រុងម្ខាងនៃទីយ៉ាងល្អ ខណៈដែលអ្នកចាំទី Daniel Akpeyi មិនអាចជួយអ្វីបានឡើយ។ គ្រាប់បាល់ឈ្នះនេះ បានជួយឲ្យក្រុមជម្រើសជាតិអាល់ហ្សេរី ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ១៩៩០ ដែលនៅពេលនោះពួកគេបានឈ្នះពាននេះជាលើកដំបូងរបស់ពួកគេ។
ក្រុមជម្រើសជាតិអាល់ហ្សេរី ដែលនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសុក្រ ខាងមុខនេះ បានគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី១ និងគួរតែរកបានគ្រាប់បាល់ច្រើនជាងការនាំមុខ ១-០។ Mahrez ដែលលេងឲ្យក្លិបអង់គ្លេស Manchester City បានឲ្យដឹងថា៖ «វាពិតជាការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងក្រុមដ៏ខ្លាំងមួយ»។
ក្រុមជម្រើសជាតិសេណេហ្គាល់ បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Africa Cup of Nations ជាលើកទី២ ខណៈដែលការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Dylan Bronn បានជួយឲ្យពួកគេទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិទុយនីស៊ី កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតនៅទីក្រុង Cairo៕
ប្រភពព័ត៌មាន៖ Channel News Asia