ក្រុមម្ចាស់ជើងឯកបារាំង Paris St Germain បានបញ្ជាក់ថា ពួកគេនឹងចាត់វិធានការប្រឆាំងនឹង Neymar ក្រោយពីតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ មិនបង្ហាញខ្លួនសម្រាប់ការហ្វឹកហាត់ កាលពីថ្ងៃចន្ទ។
កីឡាករវ័យ២៧ឆ្នាំរូបនេះ គឺជាគោលដៅត្រូវទិញចូលសម្រាប់ក្លិប Barcelona ដែលប្រធានរបស់ក្លិបនេះគឺលោក Josep Maria Bartomeu បានបញ្ជាក់កាលពីសប្តាហ៍មុនថា Neymar ចង់ចាកចេញពីក្លិប PSG របស់ក្របខ័ណ្ឌ Ligue 1 ដើម្បីវិលទៅកាន់អេស្ប៉ាញវិញ ប៉ុន្តែ ក្លិប PSG មានការស្ទាក់ស្ទើរក្នុងការលក់រូបគេ។
Neymar បានចូលរួមជាមួយនឹងក្លិប PSG ពីក្លិប Barcelona សម្រាប់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន២២២លានផោន (ស្មើនឹង២៤៩លានដុល្លារអាមេរិក) កាលពីឆ្នាំ២០១៧។ ក្លិប PSG បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ពួកគេថា៖ «កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា Neymar ត្រូវបង្ហាញខ្លួនក្នុងការហ្វឹកហាត់នៅមុនពេលបើករដូវកាល ជាមួយនឹងក្រុម Paris St Germain»។
ក្លិបបានបន្ថែមទៀតថា៖ «ក្លិប Paris St Germain កត់សម្គាល់ឃើញថា Neymar មិនមានវត្តមានឡើយ ក្នុងពេលវេលា និងកន្លែងដែលបានព្រមព្រៀងគ្នា។ ការអវត្តមាននេះ កើតឡើងដោយមិនមានការយល់ព្រមរបស់ក្លិបជាមុនឡើយ។ ក្លិបពិតជាសោកស្តាយចំពោះស្ថាននេះ ហេតុនេះ ក្លិបនឹងចាត់វិធានការឲ្យបានសមរម្យ»៕
ប្រភពព័ត៌មាន៖ Channel News Asia