ក្រុម Aston Villa បានវិលទៅកាន់ក្របខ័ណ្ឌ Premier League ក្រោយពីការអវត្តមានអស់រយៈពេល៣ឆ្នាំ បន្ទាប់ពីបានផ្តួលក្រុម Derby County ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley កាលពីថ្ងៃចន្ទ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Anwar El Ghazi និង John McGinn បានជួយឲ្យក្រុម Aston Villa នាំមុខ ២-០ នៅមុនពេលកីឡាករ Martyn Waghorn បានវាយបក១គ្រាប់វិញសម្រាប់ក្រុម Derby នៅនាទី ទី៨១ ប៉ុន្តែ ក្រុមរបស់លោក Dean Smith បានរក្សាការនាំមុខរហូតដល់ដណ្តើមបានជ័យជម្នះក្នុងការប្រកួតដ៏ស្វិតស្វាញ។

វគ្គ Playoff ផ្តាច់ព្រ័ត្រនេះ ត្រូវបានគេចាត់ទុកថា ជាការប្រកួតមួយដែលផ្តល់ប្រាក់ចំណូលដ៏ច្រើនបំផុតក្នុងកីឡាបាល់ទាត់ពិភពលោក ខណៈដែលជ័យជម្នះនេះ នឹងជួយឲ្យក្រុម Aston Villa រកបានប្រាក់ចំណេញប្រមាណជា១៧០លានផោន (ស្មើនឹង២១៥,៥១លានដុល្លារអាមេរិក)។ ក្រុម Norwich City និង Sheffield United បានឈ្នះសិទ្ធិរបស់ខ្លួននៅកាន់ក្របខ័ណ្ឌកំពូលរួចជាស្រេចសម្រាប់រដូវកាលក្រោយ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ នៅលើតារាងនៃក្របខ័ណ្ឌលំដាប់ទី២ Championship។

លោក Smith ដែលជាគ្រូបង្វឹក និងជាអ្នកគាំទ្រក្រុម Aston Villa ដ៏ស្មោះត្រង់ម្នាក់នោះ បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់។ និយាយឲ្យត្រង់ទៅ កីឡាករមានការភិតភ័យបន្តិច។ ពួកគេទទួលយកគំនិតផ្សេងៗគ្នាជាច្រើន។ ខ្ញុំជឿជាក់ថា សម្ពាធកឺជាអ្វីដែលអ្នកដាក់លើខ្លួនឯង យើងខិតខំព្យាយាមជារៀងរាល់ថ្ងៃ ហើយភាពខុសគ្នានោះគឺការរំពឹងទុក»៕
ប្រភពព័ត៌មាន៖ Channel News Asia