ក្លិប Leicester City បានបំពេញការនាំយកខ្សែប្រយុទ្ធ Ayoze Perez ពីក្លិប Newcastle United ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះ មិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា ក្លិប Leicester នឹងចំណាយប្រាក់ទៅឲ្យក្លិប Newcastle ចំនួន៣០លានផោន (ស្មើនឹង៣៨លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ។ Perez ដែលបានចូលរួមជាមួយនឹងក្លិប Newcastle ពីក្លិប Tenerife កាលពីឆ្នាំ២០១៤ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន តាមរយៈការរកបាន១២គ្រាប់។
ក្លិប Leicester បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Leicester City ពិតជារីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ayoze Perez សម្រាប់តម្លៃខ្លួនបិទជិតមួយ ដោយរង់ចាំតែការសម្រេចរបស់ក្របខ័ណ្ឌ Premier League និងលិខិតស្នាមផ្នែកអន្តរជាតិប៉ុណ្ណោះ»។ ក្លិបបានបន្ថែមទៀតថា៖ «Perez គឺជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Premier League ។
ខណៈដែលរូបគេមានល្បឿន បច្ចេកទេសលេង និងស្រេកឃ្លានក្នុងការរកគ្រាប់បាល់ ដែលនឹងបន្ថែមជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ Leicester នៅមុនពេលការប្រកួតបើករដូវកាលលើទឹកដីខ្លួនឯង ជាមួយនឹងក្រុម Wolverhampton Wanderers នាថ្ងៃអាទិត្យ ទី១១ ខែសីហា»។ ខ្សែប្រយុទ្ធរូបនេះ គឺជាកីឡាករចំណូលថ្មីទី២របស់លោកគ្រូបង្វឹក Brendan Rodgers ក្នុងពេលបិទរដូវកាល ក្រោយពីការចូលរួមរបស់ខ្សែការពារ James Justin ពីក្លិប Luton Town៕
ប្រភពព័ត៌មាន៖ Channel News Asia