Cristiano Ronaldo នឹងអវត្តមានសម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមបិសាចក្រហម Man. Utd នៅក្របខណ្ឌ Premier League ជាមួយនឹងក្រុមស្ទាំងខៀវ Crystal Palace នៅរាត្រីថ្ងៃអាទិត្យនេះ។ ក្រុមលោក Ralf Rangnick ដាច់ខាតត្រូវត្រូវតែយកឈ្នះគូប្រជែង ដើម្បីបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៦ក្នុងតារាងដើម្បីធ្វើឱ្យពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Europa League នៅរដូវកាលក្រោយជាមួយគូប្រជែងដ៏កៀកកិតគឺ West Ham ។
ទោះបីជាយ៉ាងណា ក្រុមរបស់លោក Ralf Rangnick នឹងត្រូវអវត្តមានកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងក្រុមគឺខ្សែប្រយុទ្ធស្លាប ក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo សម្រាប់ការប្រកួតនៅទឹកដី Selhurst Park ។
យោងគេហទំព័រ The Athletic បានចុះផ្សាយថាៈ បញ្ហាត្រគាកគឺជាមូលហេតុដែលកីឡាករ វ័យ ៣៧ឆ្នាំរូបនេះអវត្តមានពេលជួបប្រកួតជាមួយក្រុមលោក Patrick Vieira ។ Ronaldo ក៏បានខកខានការប្រកួតទល់នឹង Aston Villa ព្រមទាំង Manchester City កាលពីដើមរដូវកាលនេះជាមួយនឹងបញ្ហារបួសស្រដៀងគ្នានេះផងដែរ។
ប្រភព៖ Sportsmole