Cristiano Ronaldo ត្រៀមលក្ខណៈរួចជាស្រេចដើម្បីរកគ្រាប់បាល់ជាមួយក្លឹបទី ១២០ ក្នុងអាជីព នៅពេលដែលខ្សែប្រយុទ្ធស្លាបដ៏មានបទពិសោធន៏រូបនេះត្រូវធ្វើដំណើរជាមួយមិត្តរួមក្រុមបិសាចក្រហម Man. United ទៅសួរសុខទុក្ខម្ចាស់ផ្ទះកញ្ជ្រោងខៀវ Leicester City នៅក្របខណ្ឌ Premier League សប្តាហ៏ទី៨នាវេលាម៉ោង៩យប់រាត្រីថ្ងៃសៅរ៍នេះ។
រំលឹកថាម្ចាស់ពានបាល់មាស ៥សម័យ Ronaldo ធ្លាប់ជួបប្រកួតជាមួយ Leicester តែ១លើកគត់ កំលុងជ័យជម្នះ ១ទល់និង០ នៅក្របខណ្ឌ Premier League រដូវកាល ២០០៣-២០០៤ ខណៈអតីតខ្សែការពារ Gary Neville ជាអ្នករកគ្រាប់បាល់ជ័យជំនះនៅ Old Trafford ។Ronaldo ធ្លាប់រកគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីប្រឆាំងនឹងគូប្រជែង ១១៩ ក្លឹបផ្សេងគ្នានៅក្នុងអាជីពក្លឹបរបស់គាត់រយៈពេល១៩ឆ្នាំហើយនឹងព្យាយាមរកបានគ្រាប់បាល់គ្រប់ ១២០ ក្លឹបនៅពេលដែលបង្ហាញវត្តមានជាមួយក្រុមលោក Brendan Rodgers នៅរាត្រីនេះ ។
Ronaldo បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីវិលត្រឡប់មកអង់គ្លេសវិញ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៦ ដងគ្រប់ ការប្រកួតទាំងអស់។កាលពីពេលថ្មីៗនេះ Ronaldo ក៏បន្តរកបាន ៤ គ្រាប់ផងដែរក្នុងការបង្ហាញខ្លួនចំនួន ២ លើកសម្រាប់ព័រទុយហ្គាល់សម្រាប់ ការប្រកួតជម្រុះ World Cup២០២២ ។
ប្រភព៖ Sportsmole