Lionel Messi ទទួលស្គាល់ថាការលេងបាល់នៅពាន Copa America ឆ្ងាយពីសមត្ថភាពដែលខ្លួនធ្លាប់ធ្វើបានល្អបំផុត។ ម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុប៦សម័យ ជឿថាទីលាននៅក្នុងប្រទេសប្រេស៊ីលបង្កឲ្យមានបញ្ហានេះ។
Messi រកបានតែ១គ្រាប់គត់ពីការទាត់បាល់ពិន័យ១១ម៉ែត្រលើក្រុមប៉ារាហ្គាយ ក្នុងចំណោម៤ប្រកួតរបស់ខ្លួនកន្លងមក។
ក្រោយ Messi អាចជួយអាហ្សង់ទីនទាំងលំបាកលំបិនទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងត្រូវជួបម្ចាស់ផ្ទះប្រេស៊ីល តារាឆ្នើម Barcelona បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនអាចបញ្ចេញសមត្ថភាពល្អបំផុតរបស់ខ្ញុំនៅ Copa America ឡើយ”។
”ពិតណាស់ទីលានគឺជារឿងគួរឱ្យខ្មាសអៀនបំផុត វាពិបាកក្នុងការគ្រប់គ្រង និង បណ្ដើរបាល់។ បាល់ប្រៀបបីដូចជាទន្សាយ វារត់ទៅគ្រប់កន្លែង ហើយយើងត្រូវតែសម្របតាមវា”។
“ទីលានមានសភាពយ៉ាប់ខ្លាំង។ វាមិនជួយឲ្យយើងអាចរក្សាបាល់នៅនឹងជើងបានទេ បាល់វាលោតយឺតមែនទែន ហើយអ្នកមិនអាចបណ្ដើរវាស្រួលទេ”។
អាហ្សង់ទីននឹងជួបប្រេស៊ីលនៅព្រឹកថ្ងៃពុធ ជាលើកដំបូងរបស់ពួកគេចាប់តាំងពីខានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America ឆ្នាំ ២០០៧៕