ក្លឹប Real Madrid បានបញ្ជាក់ថាប្រធានក្រុម Sergio Ramos បានសម្រេចចិត្តចាកចេញហើយ ក្រោយពីរួមរស់ជាមួយក្លឹបអស់រយៈពេល១៦ឆ្នាំមកនេះ។ កីឡាករវ័យ៣៥ឆ្នាំខាងលើនេះ នឹងធ្វើសន្និសីទកាសែតដើម្បីជាការលាគ្នាជាមួយក្លឹបផងដែរ។ ការចាកចេញនៅពេលនេះ គឺមានន័យថាប្រកួតចុងក្រោយរបស់គេ គឺជាប្រកួតដែលបរាជ័យក្រោមថ្វីជើងរបស់ក្រុម Chelsea ២-០ កាលពីខែមុនក្នុងពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុម Real Madrid ក៏ដូចជាខ្សែការពារខាងលើបានព្យាយាមនិយាយបន្ដកុងត្រាផងដែរ ប៉ុន្តែមិនអាចសម្រេចបាន។ ដោយការចរចានោះក្លឹបបានផ្ដល់កុងត្រា១ឆ្នាំដល់រូបគេ ជាមួយការកាត់ប្រាក់ឈ្នូល១០%ដូចកីឡាករដទៃទៀតដែរ។ ប្រភពនៅអេស្ប៉ាញថា Ramos ទាមទារកុងត្រា២ឆ្នាំ។ ដូច្នេះហើយ ទើបមិនអាចសម្រេចកុងត្រាថ្មីបាន។
រយៈពេល១៦ឆ្នាំលេងឱ្យក្រុម Real Madrid នេះ Ramos ជួយក្លឹបឈ្នះពាន UEFA Champions League ៤ដង Club World Cup ៤ដង European Super Cup ៣ដង La Liga ៥ដងនិង Copa del Rey ២ដង៕
ប្រភព៖ Dailymail