Urawa Reds គឺជាក្រុមជប៉ុនទី២ ដែលឡើងវគ្គ 8ក្រុមចុងក្រោយ AFC Champions League រដូវកាលនេះ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះកូរ៉េ Ulsan Hyundai ៣-០ យប់មិញសរុបទាំង ២ជើង ៤-២។ Urawa Reds ជើងទី១ ក្នុងទឹកដីខ្លួនឯងបានរងបរាជ័យ ២-១ ខណៈជើងទី២ នេះពួកគេត្រូវការឈ្នះយ៉ាងហោចណាស់ ២គ្រាប់ទើបឡើង។
ប្រធានក្រុម Urawa Reds, ShinzoKoroki រកបានគ្រាប់នាំមុខក្នុងការប្រកួតជើងទី២ នេះនៅនាទីទី៤១ មុនពេលដែលប្រធានក្រុមដដែលនេះរកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី៨០ ខណៈគ្រាប់ទី៣ ក្នុងការប្រកួតសំរេចនៅនាទីទី៨៧ ដោយ Ewerton។ ជ័យជំនះនេះធ្វើឲ្យក្រុមការពារតំណែងជើងឯកមួយនេះឡើងទៅវគ្គ 8ក្រុមចុងក្រោយជាមួយក្រុមជប៉ុនមួយទៀត Kashima Antlers។
ក្រឡេកមកទស្សនាមួយប្រកួតទៀត Shanghai SIPG ក៏បានក្លាយជាក្លិបចិនទី២ ដែរឡើងវគ្គ 8ក្រុមចុងក្រោយ AFC Champions League នេះ បន្ទាប់ពីយកឈ្នះក្រុមកូរ៉េ Jeonbuk FC ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី។ ជើងទី១ នៅទឹកដីចិនក្រុមទាំង២ បានត្រឹមស្មើគ្នា ១-១ ខណៈជើងទី២ នេះក្រុមម្ចាស់ផ្ទះ Jeonbuk រកគ្រាប់នាំមុខមុននៅនាទីទី២៧ ដោយ Kim Shin-wook។
ស្ទើរតែជាគ្រាប់ជ័យជំនះទៅហើយសំរាប់ Jeonbuk តែនៅនាទីទី៨០ ខ្វះដប់នាទីទៀតចប់កីឡាករប្រេស៊ីល Hulk គឺជាអ្នកតាមស្មើវិញឲ្យ Shanghai SIPG ដែលធ្វើឲ្យក្រុមទាំង២ ស្មើគ្នាអូសបន្លាយដល់ម៉ោង ១៥នាទីពីរដង និងបាល់ 11ម៉ែត្រកាត់សេចក្ដី។
Lee Dong Gook ស៊ុតមិនចូលគ្រាប់ដំបូងឲ្យ Jeonbuk ខណៈ Shanghai SIPG ស៊ុតចូលទាំង ៥គ្រាប់រួម មានគ្រាប់ចុងក្រោយរបស់ Oscar។ Shanghai SIPG ក្លាយជាក្រុមចិនទី២ ឡើងវគ្គ 8ក្រុមបន្ទាប់ពី Guangzhou Evergrande ដែលឈ្នះ Shandong Leneng ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដីផងដែរ៕
Urawa Reds និង Shanghai SIPG ឡើងវគ្គ 8ក្រុមចុងក្រោយ AFC Champions League
អត្ថបទទាក់ទង