ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ចង់វិលទៅកាន់ក្លិប Barcelona វិញ ត្រឹមតែរយៈពេល២ឆ្នាំ ក្រោយពីបានចាកចេញពីក្លិបនេះ ដើម្បីចូលរួមជាមួយនឹងក្លិប Paris Saint-Germain។ នេះបើយោងទៅតាមការបញ្ជាក់របស់អនុប្រធានក្លិប Barcelona កាលពីថ្ងៃព្រហស្បតិ៍។
លោក Jordi Cardoner បានប្រាប់សន្និសីទសារព័ត៌មាន នាកីឡដ្ឋាន Camp Nou ថា៖ «អ្វីដែលត្រឹមត្រូវ ក្នុងពេលនេះ អ្វីដែលខ្ញុំបានអាន អ្វីដែលខ្ញុំបានឮ ដែលហាក់ដូចជាពិតប្រាកដ គឺថា Neymar ចង់វិកមកកាន់ក្លិប Barcelona វិញ»។
លោកបានបញ្ជាក់ថា មកទល់ពេលនេះ ក្លិប Barcelona មិនទាន់បានធ្វើការទាក់ទងជាមួយនឹងកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោករូបនេះ ដែលចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំង កនុងតម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៥២លានដុល្លារអាមេរិក) នៅឡើយទេ។ នៅពេលនេះ ក្លិបដឹងពីបំណងរបស់ Neymar ក្នុងការវិលទៅកាន់ក្លិប Barcelona វិញ។
ប៉ុន្តែ បានបញ្ជាក់ថា ក្លិបមិនបានព្យាយាមដើម្បីអន្ទងយក Neymar ឡើយ។ លោក Cardoner បានឲ្យដឹងថា៖ «ក្នុងការនិយាយថា Barca កំពុងតែធ្វើការអន្ទងនាំយក Neymar គឺជារឿងដែលខ្ញុំមិនយល់ស្របឡើយ។ នៅពេលនេះ រាល់អ្វីទាំងអស់ដែលកំពុងតែកើតឡើង មិនត្រឹមតែ Neymar គឺថា កីឡាករជាច្រើនចង់លេងឲ្យក្លិបដ៏អស្ចារ្យមួយដូចជា Barcelona។ យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង»៕
ប្រភពព័ត៌មាន៖ Channel News Asia