ការវិលត្រលប់របស់លោក Frank Lampard ទៅកាន់ Chelsea ក្នុងនាមជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិបនេះ បានខិតកាន់តែកៀកហើយ កាលពីថ្ងៃអង្គារ ខណៈដែលក្លិប Derby បានបញ្ជាក់ថា ពួកគេបានអនុញ្ញាតឲ្យក្លិបតោខៀវស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បំពេញការចរចារបស់ពួកគេ។
ក្លិប Derby បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Derby County អាចប្រកាសបានថា ពួកគេបានអនុញ្ញាតឲ្យក្លិបបាល់ទាត់ Chelsea ពិភាក្សាជាមួយនឹងលោក Frank Lampard អំពីតួនាទីជាអ្នកចាត់ការទូទៅនាកីឡដ្ឋាន Stamford Bridge»។ ក្លិប Derby បានបន្ថែមទៀតថា៖ «ស្របពេលដែលយុទ្ធនាការនៅមុនពេលបើករដូវកាល នឹងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់ក្លិបទាំង២ មានការរំពឹងទុកថា ការអនុញ្ញាតនេះ នឹងអនុញ្ញាតឲ្យក្លិប Chelsea បំពេញការពិភាក្សារបស់ពួកគេ»។
លោក Lampard គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប Chelsea ក្រោយពីបានស៊ុតបាល់បញ្ចូលទី២១១គ្រាប់ ក្នុងនាមជាខ្សែបម្រើ នៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០១៤ នាកីឡដ្ឋាន Stamford Bridge ដោយរូបគេបានឈ្នះពានក្របខ័ណ្ឌ Premier League ៣លើក ពាន Champions League ១លើក និង Europa League ១លើក ក្នុងរយៈពេល១៣ឆ្នាំ។
ទោះបីជាយ៉ាងណា លោកមានបទពិសោធត្រឹមតែរយៈពេល១រដូវកាលប៉ុណ្ណោះ ក្នុងអាជីពគ្រូបង្វឹក ខណៈដែលលោកបានដឹកនាំឲ្យ Derby ស្ទើរតែបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Premier League មុននឹងចាញ់ក្រុម Aston Villa ក្នុងវគ្គ Playoff នៃ Championship។ ក្លិប Chelsea កំពុងតែស្វែងរកអ្នកចាត់ការទូទៅម្នាក់ បើគិតចាប់តាំងពីលោក Maurizio Sarri បានចាកចេញ ដើម្បីទៅដឹកនាំក្លិប Juventus៕