បាល់ទាត់៖ ក្រុមបាល់ទាត់ស្ត្រីអង់គ្លេសបានកក់កៅអីនៅវគ្គ 8ក្រុមចុងក្រោយហើយ នៃព្រឹត្តិការណ៍បាល់ទាត់ស្ត្រីជើងឯកពិភពលោក FIFA Women’s World Cup 2019 ក្រោយយកឈ្នះក្រុមមកពីអាហ្វ្រិកកាមេរ៉ូន 3-0។
អង់គ្លេសដែលដឹកនាំដោយអតីតខ្សែការពារ Everton, Phil Neville បានបើកការនាំមុខដំបូងនៅនាទីទី14 ដោយ Steph Houghton មុនពេលរឿងចម្រូងចម្រាសចាប់ផ្ដើមកើតមាន។ គ្រាប់ទី2 របស់អង់គ្លេសកើតឡើងនៅនាទីទី45+4 ទៅហើយដោយ Ellen White ខណៈអាជ្ញាកណ្ដាលខ្សែបន្ទាត់ថា បាល់នេះស្ថិតក្នុងជំហរក្រៅល្បែង មុនពេលដែល VAR ពិនិត្យឃើញថា មិនអីក៏ឲ្យគ្រាប់បាល់នេះទៅអង់គ្លេសនាំមុខ 2-0 ខណៈមានការតវ៉ាខ្លាំងពីភាគីកាមេរ៉ូន។
ជាប្រកួតដែល VAR ធ្វើការច្រើន ខណៈកាមេរ៉ូនតាមបានមួយគ្រាប់ វិញតែ VAR ថាបាល់ក្រៅជំហរល្បែង។ ឈានចូលវគ្គទី2 អង់គ្លេសកាន់តែធានាបានជ័យជំនះនៅពេល Greenwood បន្ថែមគ្រាប់ទី3 នៅនាទីទី54 ឲ្យអង់គ្លេសឡើងវគ្គ 8ក្រុមចុងក្រោយជួបជាមួយន័រវែស។ ក្រឡេកមួយគូទៀត ក្រុមម្ចាស់ផ្ទះបារាំងយកឈ្នះសាំបាប្រេស៊ីល 2-1 យ៉ាងតានតឹងរួមជាមួយនឹងការសំរេចរបស់ VAR ផងដែរ។
ការប្រកួតដ៏តានតឹង ក្រុមបារាំងមានឱកាសនាំមុខមុនក្នុងវគ្គទី1 តែគ្រាប់បាល់របស់ Valerie Gauvin អាជ្ញាកណ្ដាលមិនឲ្យក្រោយឆែក VAR។ Valerie Gauvin ដដែលក៏រកគ្រាប់បាល់ទាល់តែបាននៅវគ្គទី2 នៅនាទីទី52 មុនពេលដែលប្រេស៊ីលតាមស្មើវិញដោយ Moraes Rosa Moreno ខណៈគ្រាប់នេះអាជ្ញាកណ្ដាលខ្សែបន្ទាប់ថា ជាជំហរក្រៅល្បែង តែ VAR ពិនិត្យឃើញថាមិនអី។ 1-1 នេះរក្សាដល់ចប់ការប្រកួត អូសបន្លាយចូលម៉ោងបន្ថែម 15នាទីទីពីរដង។
Amandine Henry គឺជាអ្នកសំរេចគ្រាប់ជ័យជំនះនាំបារាំងឡើងវគ្គ 8ក្រុមចុងក្រោយនៅនាទីទី106 ឡើងជួបអាមេរិក រឺអេស្ប៉ាញ។ នេះជាការឈានចូលវគ្គ 8ក្រុមចុងក្រោយ 3លើកជាប់គ្នាសំរាប់បារាំង ខណៈប្រេស៊ីលធ្លាក់ត្រឹមវគ្គ 16ក្រុមពីរលើកជាប់គ្នា៕
By: BTV
អង់គ្លេស និងម្ចាស់ផ្ទះបារាំងឡើងវគ្គ 8ក្រុមបាល់ទាត់ស្ត្រីជើងឯកពិភពលោក
អត្ថបទទាក់ទង