លោក Reinaldo Rueda គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី នឹងត្រូវជួបបញ្ហាឈឺក្បាលក្នុងព្រឹត្តិការណ៍ Copa America នៅរាត្រីនេះ (ត្រូវនឹងព្រឹកថ្ងៃអង្គារ នៅកម្ពុជា) ពោលគឺត្រូវសម្រេចចិត្តថា គួរឲ្យដាក់ឲ្យខ្សែប្រយុទ្ធ Alexis Sanchez លេង ឬយ៉ាងណា ក្នុងការប្រកួតកាត់សេចក្តីរកក្រុមត្រូវឈរលេខ១ក្នុងពូល C។
Sanchez បានរងរបួសចាស់ត្រង់កជើងរបស់ខ្លួន ក្នុងពេលក្រុមរបស់គេបានទទួលជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិអេក្វាទ័រ កាលពីថ្ងៃសុក្រ ដើម្បីឈ្នះសិទ្ធិទៅវគ្គ៨ក្រុមចុងក្រោយ។ ប្រសិនបើពួកគេគេចផុតពីការរងបរាជ័យនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នាកីឡដ្ឋាន Maracana ក្នុងទីក្រុង Rio de Janeiro ក្នុងការប្រកួតនាថ្ងៃចន្ទនេះ ពួកគេនឹងបញ្ចប់ដោយការឈរលេខ១ក្នុងពូល និងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិប៉េរូ ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។
ប៉ុន្តែ ការរងបរាជ័យ នឹងធ្វើឲ្យពួកគេត្រូវទៅប៉ះជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ដែលបានបញ្ចប់ដោយការឈរលេខ១ក្នុងពូល B ដែលក៏មានក្រុមជើងខ្លាំងអាហ្សង់ទីនផងដែរ ប៉ុន្តែ ពួកគេបានឈ្នះទាំង៣ប្រកួត។ លោក Rueda សញ្ជាតិកូឡុំប៊ី បានឲ្យដឹងថា៖ «នេះគឺជាបញ្ហាមួយដែលត្រូវពិចារណា ក៏ដូចជាប្រតិកម្មដែលរូបគេបញ្ចេញនៅថ្ងៃនេះ បន្ទាប់ពីការហ្វឹកហាត់។ បើគិតពីអ្វីដែលខ្ញុំបានឃើញ កីឡាករទាំងអស់ចង់លេងនៅថ្ងៃស្អែកនេះ ហើយកីឡាករទាំងអស់ពិតជាមានការប្តេជ្ញាចិត្ត»។
Sanchez បានរកឃើញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្លួនវិញ ក្នុងប្រទេសប្រេស៊ីល ក្រោយពីការជួបរដូវកាលដ៏ខកចិត្តជាមួយនឹងក្លិប Manchester United។ រូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ពីការប្រកួត២លើកក្នុងពូល C ដែលជាចំនួនច្រើនជាងគ្រាប់បាល់ដែលរូបគេរកបានក្នុងការប្រកួត២០លើកក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Man United នៅរដូវកាលនេះទៅទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia