បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United បាន​បញ្ជាក់​ថាខ្សែការពារកណ្តាលលោក Harry Maguire នឹងនៅតែជាប់ឈ្មោះប្រធានក្រុមបន្តទៀត។ Maguire កីឡាកអន្តរជាតិអង់គ្លេសវ័យ២៧ ឆ្នាំត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារនៅលើកោះ Syros របស់​​ប្រទេស​ក្រិកចំនួន២១ខែគិតពីថ្ងៃឃុំខ្លួន ​បន្ទាប់ពីត្រូវបានរកឃើញថាជាប់ពិរុទ្ធពីបទ​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច និង អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះគឺរូបគេបាន​ព្យាយាមប្រើគ្រប់​មធ្យោ​បាយ​ប្រឆាំង​​នឹងការ​ចាប់ខ្លួននិងការប៉ុនប៉ងផ្តល់សំណូកម្តងហើយម្តងទៀតដល់ប៉ូលីសប្រទេសក្រិក។

ទោះយ៉ាងណាក្រោយពីតុលាការសម្រេចសាលក្រមរួចមក មេធាវី និង ក្លឹប Man.Utd បបាន​សម្រេច​ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះដែលទុកជាមោឃភាពនូវការផ្តន្ទាទោស។ បន្ថែមលើភាពមន្ទិលសង្ស័យដែលអាចនិងមានអ្នកស្នងតំណែងប្រធានក្រុមថ្មី អ្នកចាត់ការទូទៅ​សញ្ជាតិ​ន័រវវេ បានប្រាប់ MUTV ថា៖ គាត់នឹងនៅតែជាប្រធានក្រុមរបស់យើង ។ គាត់បាន​គ្រប់​គ្រង​វាយ៉ាងល្អ​ហើយ​ជាការពិតខ្ញុំនឹងនៅទីនេះដើម្បីគាំ​ទ្រគាត់។ ដូច្នេះខ្ញុំពិត​ជាសង្ឃឹមថាយើងអាចឃើញ Harry បង្ហាញ​ទម្រង់លេងបានល្អសម្រាប់ក្រុមនាពេល
ឆាប់ៗ”។

Maguire ត្រូវបានគ្រូបង្វឹកលោក Gareth Southgate ដកចេញពីក្រុមជម្រើសជាតិអង់គ្លេស​កាលពីខែ​មុនប៉ុន្តែរូបលោកបញ្ជាក់ថាកំពុងរង់ចាំលទ្ធផលវិជ្ជមាន ពីខ្សែការពាររូបនេះនៅពេលប្រកាស​សេចក្តី​សម្រេច​​​បណ្តឹងឧទ្ធរណ៏នៅខែតុលាខាងមុខបន្តទៀត។ Man Utd បានប្រកួតចាញ់ Aston Villa កាលពី​ថ្ងៃសៅរ៍ក្នុងជំនួបមិត្តភាពមុនពេលចាប់ផ្តើមការប្រកួត​យុទ្ធនាការ Premier League របស់ពួកគេចាប់​ផ្តើមប្រកួតជាមួយ Crystal Palace នៅថ្ងៃទី ១៩ ខែកញ្ញា​២០២០ខាងមុខនេះ៕