ខ្សែបម្រើ Toby Alderweireld បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុម Tottenham ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Arsenal ស្របពេលដែលក្រុមរបស់លោក Jose Mourinho បានឡើងឈរពីលើគូប្រកួតស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងរបស់ពួកគេ ស្របពេលដែលក្រុម Bournemouth បានរក្សាក្តីសង្ឃឹមនៃការគេចឲ្យផុតពីតំបន់កាត់ចោល តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Leicester City កាលពីថ្ងៃអាទិត្យ។
លោក Mourinho បានរងនូវការរិះគន់ជាបន្តបន្ទាប់ នៅពេលដែលក្រុម Tottenham បានធ្លាក់ចេញពីការប្រជែងដណ្តើមកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ក្រោយពីឈ្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួត៣លើក។ ប៉ុន្តែ ជាមួយនឹងគ្រាប់បាល់ឈ្នះរបស់ Alderweireld នៅរយៈពេល៤នាទីចុងក្រោយ ក្រុម Tottenham បានវិលទៅកាន់ការប្រជែងដណ្តើមយកកៅអីទៅកាន់ក្របខ័ណ្ឌ Europa League សម្រាប់យុទ្ធនាការនៅរដូវកាលក្រោយវិញ។
ក្រុម Tottenham កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ដោយនាំមុខ២ពិន្ទុពីលើក្រុមឈរលេខ៩ Arsenal និង២ពិន្ទុតាមពីក្រោយក្រុម Sheffield United ខណៈដែលពួកគេព្យាយាមគេចឲ្យផុតពីការអវត្តមានក្នុងក្របខ័ណ្ឌអេរ៉ុប ជាលើកទី១ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០០៩-២០០១០។
លោក Mourinho បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ ពីព្រោះយើងបានធ្វើឲ្យអ្នកគាំទ្ររីករាយ យើងពិតជារីករាយពីព្រោះយើងនៅតែស្ថិតក្នុងការប្រជែងដើម្បីឈ្នះកៅអីក្នុងក្របខ័ណ្ឌ Europa League»៕
វីដេអូ៖
ប្រភពព័ត៌មាន៖ Channel News Asia