Inter Milan បានពង្រឹងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Serie A របស់ខ្លួនតាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Parma កាលពីថ្ងៃអាទិត្យ ក្រោយពីពួកគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅចន្លោះពេលត្រឹមតែ៦នាទីចុងក្រោយ ក្រោមជំនួយដ៏ធំពីខ្សែប្រយុទ្ធ Victor Moses។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Stefan de Vrij និង Alessandro Bastoni បានបំពេញជ័យជម្នះសម្រាប់ក្រុម Inter Milan ដែលត្រូវតែធ្វើការវាយបកវិញ ក្រោយពីតាមពីក្រោយតាមរយៈគ្រាប់បាល់របស់ Gervinho។

Inter រក្សាការដេញតាមពីក្រោយក្រុម Juventus ៨ពិន្ទុ និង៤ពិន្ទុតាមពីក្រោយក្រុម Lazio ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ស្របពេលនៅសល់ការប្រកួត១០លើកទៀត។ ស្របពេលលោក Antonio Conte ត្រូវបង្ខំចិត្តទស្សនាការប្រកួតពីកៅអីរបស់អ្នកគាំទ្រ ដោយសារតែលោកជាប់ពិន័យព្យួរ១ប្រកួតនោះ លោក Cristian Stellini ជំនួយការគ្រូបង្វឹក បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ «ខ្ញុំបានគិតថា វាលើសពីការដណ្តើមបានជ័យជម្នះមួយទៅទៀត»។

ដោយឡែក ក្រុម Atalanta បានពង្រឹងការប្រជែងយកចំណាត់ថ្នាក់លេខ៤ ក្រោយពីរកបានគ្រាប់បាល់២គ្រាប់ពីសំណាក់កីឡាករ Luis Muriel ដើម្បីទទួលជ័យជម្នះ ៣-២ លើទឹកដីក្រុម Udinese៕

ប្រភពព័ត៌មាន៖ Goal.com

វីដេអូ៖