បិសាចក្រហម Man.United បានបង្វែរគោលដៅការចាប់អារម្មណ៏ចុះហត្ថលេខារបស់ខ្លួនទៅលើខ្សែបម្រើ Jack Grealish របស់ក្លឹប Aston Villa វិញបន្ទាប់ពីការចរចារនិងបញ្ចុះបញ្ចូលខ្សែបម្រើ-ប្រយុទ្ធស្លាប Jadon Sancho របស់ក្រុម Dortmund ហាក់មិនទាន់ទទួលបានពន្លឺជាវិជ្ជមាននៅឡើយនោះ ។
បើទោះបីជាម្ចាស់ជើងឯកក្របខណ្ឌ Premier league អង់គ្លេស១៣សម័យនៅតែបន្តទំនាក់ទំនង ចង់បានកីឡាករឆ្នើមក្រុមជម្រើសជាតិអង់គ្លេសរូបនេះមករួមក្រុមក្តីប៉ុន្តែប្រធានក្លឹប Dortmund បានឆ្លើយតបវិញកាលពីពេលថ្មីៗនេះថា ក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្របខណ្ឌ Bundesliga មានទំនុកចិត្តនិងរក្សាទុកកីឡាករវ័យ ២០ ឆ្នាំនេះបន្តលេងជាមួយក្រុមរយៈពេល ១២ ខែទៀត។
ប្រភពពីគេហទំព័រ Daily Star បានអោយដឹងថា: Man.Utd កំពុងតែពិចារណាដាក់សំណើរទិញយក Grealish តម្លៃ៧៥លានផោន ទៅកាន់ក្លឹប Aston Villa ពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅនេះ ក៏ព្រោះតែកីឡាករវ័យ ២៤ ឆ្នាំរូបនេះមានទម្រង់លេងស្រដៀងមិត្តរួមជាតិ Sancho ហើយស៊ុតបញ្ចូលទី ៩ គ្រាប់និង Assist ៨ ដងក្នុងការបង្ហាញខ្លួន ៣១ ប្រកួត ស្របពេលកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្លឹប Aston Villa មានសុពលភាពដល់ខែមិថុនាឆ្នាំ ២០២៣ ។នៅរដូវកាលនេះ ខណៈដែលក្រុមរបស់អ្នកចាត់ការទូទៅលោក Dean Smith កំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី ១៩ បន្ទាប់ពីបាតតារាងហើយប្រឈមនឹងកាត់ចោលទៅលេងនៅក្របខណ្ឌ ChampionShip វិញ។
ប្រភព៖ Sportsmole