ក្លិប Juventus កាលពីថ្ងៃអាទិត្យ បានបញ្ចប់ពាក្យចរចាមអារ៉ាមផ្សេងៗក្នុងប្រទេសអ៊ីតាលីថា ពួកគេកំពុងតែរៀបចំផែនការក្នុងការនាំយកលោកគ្រូបង្វឹក Pep Guardiola តាមរយៈការបញ្ជាក់ថា ពួកគេមិនធ្លាប់សូម្បីតែពិភាក្សាជាមួយនឹងគ្រូបង្វឹករបស់ក្លិប Manchester City រូបនេះ។
នៅមុនពេលការប្រកួតជាមួយនឹងក្រុម Sampdoria លោក Fabio Paratici ប្រធានផ្នែកកីឡារបស់ក្លិប Juventus បានប្រាប់កាសែត DAZN ថា៖ «វាគឺជាពិភពដ៏ចម្លែកមួយ យើងមិនមានទំនាក់ទំនងណាមួយជាមួយនឹងលោក Guardiola ឡើយ ហើយយើងក៏មិនធ្លាប់បានគិតថា លោកកំពុងតែស្ថិតក្នុងកិច្ចសន្យាមួយឡើយ»។
Juvenuts បានឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី៨របស់ពួកគេ កាលពីប៉ុន្មានសប្តាហ៍មុននេះ និងកំពុងតែស្ថិតក្នុងការស្វែងរកគ្រូបង្វឹកថ្មីម្នាក់ ក្រោយពីចែកផ្លូវគ្នាជាមួយនឹងលោក Massimiliano Allegri កាលពីដើមខែនេះ ក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Ajax កាលពីខែមេសា។
លោក Allegri បានឈ្នះពានក្របខ័ណ្ឌលីកចំនួន៥លើក ក្នុងការដឹកនាំរយៈពេល៥ឆ្នាំរបស់លោក ប៉ុន្តែ ក្លិបនេះ មិនបានឈ្នះពានក្របខ័ណ្ឌ Champions League ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ បើទោះបីបាននាំយកខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo កាលពីរដូវក្តៅមុនក៏ដោយ។ លោក Paratici បានបន្ថែមទៀតថា Juventus នឹងរង់ចាំរដូវកាលបញ្ចប់រដូវកាលនេះ ដើម្បីប្រកាសពីអ្នកដែលត្រូវជំនួសកន្លែងរបស់លោក Allegri៕
ប្រភពព័ត៌មាន៖ Channel News Asia
ក្លិប Juventus ច្រានចោលពីពាក្យចរចាមអារ៉ាមលើការទាក់ទងលោក Guardiola
អត្ថបទទាក់ទង