ក្រុម Arsenal បានស្តារមុខមាត់ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Europa League របស់ពួកគេ ដើម្បីឈានទៅប្រកួតពាន FA Cup វគ្គ៨ក្រុមចុងក្រោយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Sokratis Papastathopoulos និង Eddie Nketiah បានបំពេញជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Portsmouth កាលពីថ្ងៃច័ន្ទ។
ក្រុមរបស់លោក Mikel Arteta ត្រូវការជ័យជម្នះជាចាំបាច់មួយ ក្រោយពីក្រុម Olympiakos បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ដើម្បីទម្លាក់ពួកគេឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Europa League នាកីឡដ្ឋាន Emirates កាលពីថ្ងៃព្រហស្បតិ៍។
លោក Arteta បានបញ្ជាក់ថា កីឡាកររបស់លោកនៅតែមានអារម្មណ៍ខកចិត្ត អស់រយៈពេលជាច្រើនថ្ងៃ ក្រោយពីបានរបូតគ្រាប់បាល់នៅចុងម៉ោង ប៉ុន្តែ ពួកគេបានគេចផុតពីការធ្លាក់ចូលក្រោមសម្ពាធរបស់ក្រុម Portsmouth នៅដើមតង់ ក្នុងការប្រកួតពាន FA Cup ជុំទិ៥។
Sokratis បានជួយឲ្យក្រុម Arsenal មានគ្រាប់បាល់នាំមុខមុន នៅមុនពេលបញ្ចប់តង់ទី១ ហើយ Nketiah បានរកគ្រាប់បាល់ទី២ភ្លាមៗ ក្រោយពីសម្រាកតង់ទី១។ Arteta ធ្លាប់បានឈ្នះពាន FA Cup ២លើកជាមួយនឹងក្រុម Arsenal កាលពីឆ្នាំ២០១៤ និង២០១៥ ក្នុងចំណោមការឈ្នះពាន FA Cup ១៣លើករបស់ក្រុមកាំភ្លើងធំមួយនេះ។
គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះ នឹងពេញចិត្តក្នុងការបញ្ចប់រដូវកាលទី១របស់លោកក្នុងនាមជាគ្រូបង្វឹកជាមួយនឹងការឈ្នះពាន១ផ្សេងទៀតនៅ Wembley ជាពិសេសស្របពេលដែលក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League ស្ថិតក្នុងភាពមិនច្បាស់៕
ប្រភពព័ត៌មាន៖ Channel News Asia