លោក Pep Guardiola បានកោតសរសើរការស្រេកឃ្លានរបស់ក្រុម Manchester City របស់លោក ក្នុងការបន្សល់ទុកនូវកេរិ៍្តដំណែល ក្រោយពីបានឈ្នះពាន League Cup ជាលើកទី៣ជាប់ៗគ្នា តាមរយៈការផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ក្រោយពីខ្សែប្រយុទ្ធ Sergio Aguero និង Rodrigo បានស៊ុតបាល់បញ្ចូលទីដូចគ្នា។

Man City បច្ចុប្បន្ន បានឈ្នះពាន៨លើកក្នុងចំណោមពាន៩ចុងក្រោយ ក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Guardiola ដែលបច្ចុប្បន្នបានឈ្នះបានសរុបចំនួន២៩ ក្នុងអាជីពជាគ្រូបង្វឹករបស់លោក។​ លោក Guardiola បានឲ្យដឹងថា៖ «ចាប់តាំងពីយើងបានឈ្នះពានជាលើកដំបូង ក្រោយពីបានផ្តួលក្រុម Arsenal ក្នុង League Cup យើងបានលេងក្នុងយុទ្ធនាការចំនួន១១ និងបានឈ្នះពាន៨លើក។ វាពិតជាច្រើនមែនទែន។

សម្រាប់ក្លិបនេះ វាមិនត្រឹមតែជាពានមួយឡើយ ប៉ុន្តែ វាជាការបង្ហាញថា រាល់ការប្រកួតទាំងអស់ដែលយើងលេង ពិតជាសំខាន់ ហើយយើងចង់ឈ្នះ»។ លោកបានបន្ថែមទៀតថា៖ «គ្រប់គ្នាដឹងថា យើងមានការទទួលខុសត្រូវក្នុងការប្រយុទ្ធ ដើម្បីព្យាយាមឈ្នះពាន។ ការឈ្នះពាន៨ក្នុងចំណោម១១ គឺជាសមិទ្ធផលដ៏អស្ចារ្យ»។

ក្រោយពីក្រុម Man City បាននាំមុខ ២-០ នៅត្រឹមនាទី ទី៣០ កីឡាករ Mbwana Samatta បានវាយបកបាន១គ្រាប់វិញសម្រាប់ក្រុម Aston Villa ប៉ុន្តែ ការរង់ចាំរបស់ពួកគេសម្រាប់ការឈ្នះពានជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩៦ នៅតែបន្ត៕

ប្រភពព័ត៌មាន៖ Channel News Asia