ខ្សែបម្រើ Casemiro បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការអវត្តមានដោយសារតែរបួសរបស់ខ្សែប្រយុទ្ធដ៏ឆ្នើម Neymar មិនផ្លាស់ប្តូរអ្វីឡើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងយុទ្ធនាការ Copa America ខណៈដែលរូបគេក៏បានប្រកាសផងដែរថា ក្រុមម្ចាស់ផ្ទះមួយនេះ ត្រូវតែឈ្នះជាដាច់ខាត។
Neymar នឹងត្រូវអវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ ក្រោយពីបានជួបបញ្ហារបួសកជើង កាលពីសប្តាហ៍មុន ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំរបស់ក្រុមប្រេស៊ីល។ បញ្ហារបួសរបស់គេ បានកើតឡើង ខណៈដែលខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន ពីសំណាក់តារាបង្ហាញម៉ូដប្រេស៊ីលម្នាក់ថា រូបគេបានបំពានលើផ្លូវភេទរបស់នាង នៅឯសណ្ឋាគារមួយ ក្នុងរដ្ឋធានីរបស់បារាំង។
នៅមុនពេលការប្រកួតបើកឆាកនៅថ្ងៃសុក្រនេះ (ត្រូវនឹងព្រឹកថ្ងៃសៅរ៍ នៅកម្ពុជា) ជាមួយនឹងក្រុមជម្រើសជាតិបូលីវី ក្នុងទីក្រុង Sao Paulo ខ្សែបម្រើ Casemiro របស់ក្លិប Real Madrid បានឲ្យដឹងថា៖ «ទាក់ទងនឹងយុទ្ធនាការដែលយើងកំពុងតែស្ថិតនៅ ប្រេស៊ីល ជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការលើកពាន និងត្រូវតែឈ្នះ។ ពិតណាស់ បើទោះបី Neymar ដែលជាតារាឆ្នើមរបស់ប្រេស៊ីល អវត្តមានក៏ដោយ ប៉ុន្តែ យើងនៅតែជាក្រុមខ្លាំង»។
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល កំពុងតែសម្លឹងរកការឈ្នះពាន Copa America ជាលើកទី៩ ក្រោយពីបានឈ្នះរាល់យុទ្ធនាការទាំង៤លើកក្នុងនាមជាក្រុមម្ចាស់ផ្ទះ នៅឆ្នាំ១៩១៩ ១៩២២ ១៩៤៩ និង១៩៨៩។ ប៉ុន្តែ ពួកគេមិនធ្លាប់បានឈ្នះពាននេះសោះបើគិតចាប់តាំងពីឆ្នាំ២០០៧ នៅពេលនោះពួកគេបានឈ្នះពានជាលើកទី៤ ក្នុងចំណោមយុទ្ធនាការ៥លើកចាប់ពីឆ្នាំ១៩៩៧។
ទាក់ទងនឹងគូប្រកួតបើកឆាកក្នុងពូល A របស់ប្រេស៊ីល Casemiro បានបញ្ជាក់ថា៖ «យើងដឹងថា វានឹងក្លាយជាការប្រកួតដ៏តានតឹងមួយ យើងដឹងពីកម្រិតដែលបូលីវី លេង។ ពួកគេជាក្រុមមានការរៀបចំបានល្អ ជាពិសេស នៅតំបន់ការពារ»។ ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង៧:៣០ព្រឹកថ្ងៃសៅរ៍៕
ខ្សែបម្រើ Casemiro ថា: ជើងខ្លាំងរបស់ ប្រេស៊ីល ត្រូវតែឈ្នះពាន ទោះគ្មាន Neymar ក៏ដោយ
អត្ថបទទាក់ទង