គ្រាប់បាល់ស៊ុតបញ្ចូលទីជាលើកដំបូងរបស់ Bruno Fernandes សម្រាប់ក្រុម Manchester United បានជួយឲ្យក្លិបថ្មីរបស់គេ ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ លើក្រុម Watford និងឡើងឈរក្នុងចំណាត់ថ្នាក់លេខ៥ លើតារាងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
Fernandes ដែលបានចូលរួមក្នុងតម្លៃខ្លួន៤៧លានផោនពីក្លិប Sporting Lisbon កាលពីខែមករា បានស៊ុតបាល់ប៉េណាល់ទីនៅនាទី ទី៤២ ក្រោយពីរូបគេត្រូវបានធ្វើឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់ដោយអ្នកចាំទី Ben Foster របស់ក្រុម Watford។
គ្រាប់បាល់របស់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានកើតឡើង នៅមុនពេលខ្សែប្រយុទ្ធ Anthony Martial និង Mason Greenwood បានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះ ៣-០។
ជ័យជម្នះនេះ មានន័យថា Man United ដែលបានជួបភាពត្រដាបត្រដួសក្នុងរដូវកាលនេះ បច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយមាន៤១ពិន្ទុ និងកំពុងតែដេញតាមពីក្រោយក្រុម Chelsea ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។ លោក Ole Gunnar Solskjaer បានកោតសរសើរដល់កីឡាករចំណូលថ្មី Fernandes ដែលបានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតសម្រាប់ការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់គេនៅពេលប្រកួតជាមួយនឹងក្រុម Watford៕
ប្រភពព័ត៌មាន៖ BBC