ពត៌មានជុំវិញការផ្ទេរខ្សែការពារ Matthijs de Ligt បានបង្ហាញអោយមានការចាប់អារម្មណ៏នៅជុំវិញពិភពលោកពិសេសនៅលីកកំពូលទ្វីបអឺរ៉ុប ខណៈដែលកីឡាករឆ្នើមរូបនេះបដិសេធមិនទាន់ធ្វើការសំរេចចិត្តលើអនាគតរបស់ខ្លួននៅឡើយទេ ពោលគឺរហូតដល់ពេលគាត់ត្រឡប់មកពីថ្ងៃឈប់សម្រាកវិស្សមកាលនារដូវក្តៅខាងមុខនេះ។

មិត្តភក្តិដ៏ល្អបំផុតរបស់គាត់នៅក្លឹប Ajax គឺ Frenkie de Jong បានត្រៀមផ្ទេរមកក្លឹប Barcelona នារដូវកាល ២០១៩-២០២០ ជាផ្លូវការណ៏ ខណៈដែល De Ligt អាចនិងដើរតាមគន្លងដៃគូរបស់ខ្លួនលើការសម្រេចចិត្តមួយនេះ។

Ronald de Boer វីរបុរសក្រុមជម្រើសជាតិហូឡង់ និងជាបងប្រុសកីឡាករ Frank De Boer បានផ្តល់ដំបូន្មានខ្លីមួយនិយាយអំពីការសម្រេចចិត្តដ៏ធំរបស់មិត្តរួមជាតិនិងជាសិស្សប្អូនរូបនេះថាៈ ខ្ញុំមិនគិតថាជាជម្រើសដ៏ល្អបំផុតសម្រាប់គាត់(De Ligt)ក្នុងការចូលរួមជាមួយក្លឹប Paris Saint Germain នោះទេ ទោះបីក្រុមមួយនេះជាក្លឹបធំ ប៉ុន្តែពួកគេមិនមែនស្ថិតនៅក្នុងចំណោមទម្រង់លេង ដែលសក្តិសមអោយគាត់មានការអភិវឌ្ឍខ្លួនបានល្អប្រសើរនៅទីនោះទេ។

លោក De Boer បន្តថាៈ ក្រុម Manchester City ឬ Barcelona គឺជាក្រុមដែលល្អបំផុតសម្រាប់រូបគាត់ប្រាកដណាស់ព្រោះកីឡាករដែលមានទេពកោសល្យនិងមានភាពវ័យឆ្លាតដូចជារូបគាត់ ដល់ពេលដែលត្រូវចូលរួមជាមួយក្រុមដូចជា Barçelona ព្រោះទម្រង់លេងរបស់ពួកគេវាមិនខុសពីក្រុម Ajax ទេ។ ដូច្នេះគាត់នឹងទទួលបានជោគជ័យជាក់ជាមិនខាន។