ក្លិប Real Madrid បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Ferland Mendy ពីក្លិប Lyon ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួនប្រមាណជា៥០លានអឺរ៉ូ (ស្មើនឹង៥៦,៥លានដុល្លារអាមេរិក) ដើម្បីធ្វើឲ្យការចំណាយនាពេលរដូវក្តៅរបស់ពួកគេកើនដល់៣០០លានអឺរ៉ូ។

ខ្សែការពារអន្តរជាតិបារាំងវ័យ២៤ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល៦ឆ្នាំ នាកីឡដ្ឋាន Bernabeu។ ក្លិបនេះ បានបន្តបន្ថែមកីឡាករថ្មីសម្រាប់រដូវកាលក្រោយរបស់ខ្លួន បន្ទាប់ពីការទិញចូលកីឡាករ Eder Militao ពីក្លិប Porto ខ្សែបម្រស្លាប Eden Hazard របស់ក្លិប Chelsea និងខ្សែប្រយុទ្ធ Luka Jovic ពីក្លិប Eintracht Frankfurt។

Hazard គឺជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងចំណោមកីឡាករទាំង៤ ខណៈដែលរូបគេអាចនឹងមានតម្លៃខ្លួនរហូតដល់ទៅ១៤៥លានអឺរ៉ូ (ស្មើនឹង១៦៣,៨លានដុល្លារអាមេរិក) ស្របពេលដែល Militao និង Jovic មានតម្លៃខ្លួន៥០លានអឺរ៉ូ និង៦៥លានអឺរ៉ូ រៀងៗខ្លួន។ កីឡាករចំណូលថ្មីមួយរូបទៀតដែលនឹងចូលរួមនារដូវក្តៅនេះ គឺ ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo វ័យ១៨ឆ្នាំ ដែលក្លិប Real បានទិញពីក្លិប Santos ក្នុងតម្លៃខ្លួន៤៥លានអឺរ៉ូ ប៉ុន្តែ នឹងចូលរួមជាមួយនឹងក្រុមនេះនៅខែកក្កដា។

Turkey’s midfielder Dorukhan Tokoz, left, chases France’s defender Ferland Mendy during the Euro 2020 Group H qualifying soccer match between Turkey and France in Konya, Turkey, Saturday June 8, 2019. (AP Photo)


ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Real Madrid និង Lyon បានយល់ព្រមផ្ទេរកីឡាករ Ferland Mendy។ កីឡាកររូបនេះ នឹងត្រូវជាប់កុងត្រាជាមួយនឹងក្លិប Real Madrid សម្រាប់រយៈពេល៦រដូវកាលបន្ទាប់ទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥»៕
ប្រភពព័ត៌មាន៖ BBC