លោក Unai Emery បានកោតសរសើរស្មារតីប្រយុទ្ធរបស់ក្រុម Arsenal ក្រោយពីពួកគេបានវាយបកពីការដេញតាមពីក្រោយ២គ្រាប់ ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Tottenham ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងភាគខាងជើងដូចគ្នា កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Emery បានស្ថិតក្នុងគ្រោះថ្នាក់នៃការរងបរាជ័យដ៏ខកចិត្ត ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Christian Eriksen និង Harry Kane បានជួយឲ្យក្រុម Tottenham ស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងនៅនាទី ទី៤០ នាកីឡាដ្ឋាន Emirates។ ប៉ុន្តែ ខ្សែប្រយុទ្ធ Alexandre Lacazette បានកាត់បន្ថយសម្ពាធដោយការដេញតាមពីក្រោយនៅជិតបញ្ចប់ការប្រកួត ហើយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យក្រុម Arsenal តាមស្មើវិញ បន្ទាប់ពីបញ្ចប់តង់ទី១។

លោក Emery បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះការបំពេញតួនាទីរបស់យើង។ យើងបានលេងដោយបេះដូងរបស់យើង ពេលខ្លះវាលើសពីការគិតទៅទៀត។ យើងត្រូវការតុល្យភាព»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែមានភាពច្បាស់លាស់ជាងនេះក្នុងចិត្តរបស់យើង។ យើងបានបង្កើតឲ្យមានកំហុសក្នុងតង់ទី១។ អ្នកគាំទ្របានជំរុញ និងបានជួយដល់យើង។ គ្រាប់បាល់តង់ទី២សម្រាប់យើងគឺជាគ្រាប់បាល់ដ៏សំខាន់។ យើងពិតជាស័ក្តិសមក្នុងការឈ្នះក្នុងរយៈពេល៩០នាទី។ ការប្រកួតនេះ ពិតជាអស្ចារ្យសម្រាប់គ្រប់គ្នាដែលបានទស្សនា»៕

ប្រភពព័ត៌មាន៖ Channel News Asia