​បួន​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង ​រួមមាន​ប៉ា​រ៉ា​ហ្កា​យ ឈីលី អា​ហ្ស​ង់​ទីន និង​អ៊ុយ​រូ​ហ្កា​យបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ ក្នុង​ការ​សហការ​គ្នា​ដាក់​សិទ្ធិ​ស្នើសុំ​ធ្វើ​ម្ចាស់​ផ្ទះ ​បាល់ទាត់​ពិភពលោក​ឆ្នាំ2030​។

​​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង ​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បួន​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅ​ទីក្រុង Santa Fe ប្រទេស​អា​ហ្ស​ង់​ទីន រួមមាន​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន Mauricio Macri, ​ប្រធានាធិបតី​ប៉ា​រ៉ា​ហ្កា​យ Mario Abdo Benitez, ប្រធានាធិបតី​ឈីលី Sebastian Pinera​ និង​ប្រធានាធិបតី​អ៊ុយ​រូ​ហ្កា​យ Tabare Vazquez​។ ​ដំបូង​ឡើង​គំនិត​ផ្ដួចផ្ដើម​គឺ​មាន​តែ​ 3ប្រទេស​ទេ​គឺ​អា​ហ្ស​ង់​ទីន ប៉ា​រ៉ា​ហ្កា​យ និង​អ៊ុយ​រូ​ហ្កា​យ តែ​កាលពី​ឆ្នាំ2018 កន្លងទៅ​ឈី​លី​ក៏​បាន​ប្រកាស​ខ្លួន​ សុំ​ចូល​រួម​ក្នុង​ការ​ធ្វើ​សហ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ ធំ​ជាង​គេ​លើ​លោក​មួយ​នេះ​។

​​សូម​បញ្ជាក់​ថា ការ​ដាក់​សិទ្ធិ​ស្នើសុំ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 មិនទាន់​បើក​ទទួល​ពាក្យ​ជា​ផ្លូវការ​ពី FIFA នៅ​ឡើយ តែ​ក្រៅពី​ប្រទេស​ទាំង​បួន​ខាងលើ ក៏​មាន​បេក្ខភាព​ដែល​ត្រៀមខ្លួន​ក្នុង​ការ​ប្រជែង​ដែរ រួម​មាននៅ​អាហ្វ្រិក​គឺ​ប្រទេស​ម៉ា​រ៉ុ​ក ខណៈ​នៅ​អឺរ៉ុប​មាន​ប៊ុល​ហ្ការី​សហការ​ជាមួយ​ក្រិ​ក រ៉ូ​ម៉ា​នី និង​ស៊ែ​ប​។ ​ដោយ​ឡែក​ប្រទេស​ដែល​មាន​ចំណាប់​អារម្មណ៍ ​ក្នុង​ការ​ស្នើ​សិទ្ធិ​ផង​ដែរ​រួមមានចិន កាមេរ៉ូន អេ​ហ្ស៊ី​ប​ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ