ខ្សែបម្រើ Declan Rice របស់ក្រុមញញួរធំ West Ham ត្រូវបានសហព័ន្ធាបាល់ទាត់ទ្វីបអឺរ៉ុប Uefa ពិន័យមិនឲ្យចូលលេងចំនួនពីរប្រកួត បន្ទាប់ពីមានការបង្ហាញអាកប្បកិរយាខឹងសម្បារនិងប្រើពាក្យជេរប្រមាថទៅលើអាជ្ញាកណ្តាល កំលុងពេលចាញ់ក្រុម Eintracht Frankfurt ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានធ្វើការចោទប្រកាន់អាជ្ញាកណ្តាលសញ្ជាតិអេស្បាញ Jesus Gil Manzano ពីបទទទួលសំណូកដែលនៅក្នុងវីដេអូដែលត្រូវបានថតនៅក្នុងផ្លូវចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីការប្រកួតកាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅ។មានន័យថា Rice នឹងអវត្តមានជើងទាំងពីរក្នុងការប្រកួតជម្រុះ Europa Conference League របស់ West Ham នៅក្នុងខែសីហា២០២២ខាងមុខនេះ។
លោក David Moyes គ្រូបង្វឹក West Ham និងខ្សែការពារ Aaron Cresswell ត្រូវបានបណ្តេញចេញក្នុងពេលបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Frankfurt ផង ដែរ ខណៈអ្នកចាត់ការសញ្ជាតិស្កុតឡេនរូបនេះក៏រងបម្រាមមិនអាចដឹកនាំក្រុមបានមួយប្រកួតផងដែរ។
សម្រាប់ក្លឹប West Ham វិញក៏ត្រូវបានរងពិន័យ១៥០០ផោនដោយសារតែអ្នកគាំទ្ររបស់ពួកគេបានប្រើកាំជ្រួចនៅក្នុងការប្រកួតក្នុងទីក្រុង Frankfurt ខណៈដែលម្ចាស់ផ្ទះក៏ត្រូវបានពិន័យផងដែរ ពោលគឺត្រូវលេងបិទទ្វារកីឡាដ្ឋាន១ប្រកួតហើយការពិន័យត្រូវព្យួររយៈពេល ២ ឆ្នាំ ហើយក៏និងត្រូវពិន័យជាប្រាក់ ៦៩,000 ផោនសម្រាប់បទល្មើសចំនួន ៦ ទាក់ទងនឹងអ្នកគាំទ្ររបស់ពួកគេ។
ប្រភព៖ BBC